ព័ត៌មានជាតិ

ក្រុមប្រឹក្សារាជធានី ស្នើអាជ្ញាធរ រាជធានីភ្នំពេញ ចាត់វិធានការខ្លាំងក្លាទប់ស្កាត់ បង្ក្រាបបទល្មើស ព្រហ្មទណ្ឌ

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី១២ របស់ខ្លួននាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានជំរុញ ក៏ដូចជាស្នើឲ្យអាជ្ញាធរ រាជធានីភ្នំពេញ មានវិធានការឲ្យបានខ្លាំងក្លាបន្ថែម ទៀត លើការទប់ស្កាត់ ក៏ដូចជាការបង្ក្រាប ទៅលើបទល្មើសព្រហ្មទណ្ឌ ខណៈនៅក្នុងខែមេសា បទល្មើសព្រហ្មទណ្ឌ មិនមានការថយចុះ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងវិធានការបង្ក្រាប ទប់ស្កាត់ នូវបទល្មើសព្រហ្មទណ្ឌ ក៏ដូចជាបទល្មើសផ្សេងៗទៀត អាជ្ញាធររាជធានីភ្នំពេញ បានយកចិត្តទុកដាក់ក្នុងការ បង្ក្រាប ដើម្បីរក្សា សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ពិសេសលើការបម្រើ ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

លោកអភិបាល រាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា បទល្មើសផ្សេងៗកន្លងមកនេះ មានការថយចុះច្រើន ខណៈ ក្លឹបកម្សាន្ត ក៏ដូចជាកន្លែងសប្បាយនានា ត្រូវបានបិទ ដោយសារការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ។

ពាក់ព័ន្ធនឹងការស្នើឡើង របស់សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ ដែលស្នើឲ្យមានសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យមជ្ឈមណ្ឌលឯកជន សម្រាប់កែប្រែជនរងគ្រោះ ដោយគ្រឿងញៀន ក្រោយពីមានព័ត៌មាន លេចលឺថា មជ្ឈមណ្ឌលឯកជនទាំងនោះ តម្រូវឲ្យមានការបង់ថ្លៃច្រើន ដែលជាបន្ទុកដ៏ធ្ងន់ធ្ងរ របស់អាណាព្យាបាល ជនរងគ្រោះនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា ខាងមជ្ឈមណ្ឌល យកតម្លៃខ្ពស់នោះ គឺជាតម្លៃដែលអាណាព្យាបាល និងមជ្ឈមណ្ឌលឯកជនទាំងនោះ និយាយត្រូវគ្នា ទៅនឹងការកំណត់តម្លៃទាំងនោះហើយ មានន័យថា មុននឹងយកជនរងគ្រោះ ទៅដាក់នៅ មជ្ឈមណ្ឌលឯកជនទាំងនោះ គឺអាណាព្យាបាល បានឯកភាព ទៅនឹងតម្លៃ ដែលខាងមជ្ឈមណ្ឌលឯកជននោះ ដាក់ជូនរួចហើយ។

ដោយឡែក សម្រាប់មជ្ឈមណ្ឌលឱកាសខ្ញុំ គឺមិនមានការបង់ថ្លៃ សម្រាប់ការកែប្រែជនរងគ្រោះ ដោយគ្រឿងញៀននោះទេ ហើយមជ្ឈមណ្ឌលអាកាសខ្ញុំ ក៏ជាកន្លែងកែប្រែមួយ ដែលមានលក្ខណៈស្តង់ដារផងដែរ ដែលអាចឱ្យកូនចៅប្រជាពលរដ្ឋ ដែលមានបញ្ហាគ្រឿងញៀន ទៅបន្សាបនៅទីនោះ បាននិងគួរអោយជឿទុកចិត្ត ។

ក្រៅពីបញ្ហាដែលស្នើឡើងខាងលើ ក្រុមប្រឹក្សា រាជធានីភ្នំពេញ ក៏បានស្នើដល់មន្ទីរជំនាញ ធ្វើការជួសជុលក្បាលនាគ ចែកទ្រូងផ្លូវ ពេលដែលមានការបុក ឬប៉ះដោយយានយន្ត ដោយកុំទុកចោលយូរពេក នាំឲ្យបង្កគ្រោះថ្នាក់បន្ថែមទៀត។ ជាងនេះទៅទៀត បញ្ហាជំងឺកូវីដ-១៩ ឃើញថា មកដល់ពេលនេះ ប្រជាពលរដ្ឋ មានការប្រមូលផ្ដុំខ្លះឡើងវិញ នៅតាមបណ្ដាលមូលដ្ឋានមួយចំនួន ដូច្នេះស្នើឲ្យអាជ្ញាធរមូលដ្ឋាន មានវិធានការណែនាំ ពង្រឹងនិងមានការផ្សព្វផ្សាយបន្ថែមទៀត ។

ចំពោះបញ្ហានេះ លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា ទោះបីប្រជាពលរដ្ឋឃើញ មានការប្រមូលផ្ដុំ ដោយហាក់មិនមាន ការភ័យខ្លាចពីជំងឺកូវីដ-១៩ក៏ដោយ តែក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ មិនបានបន្ធូរដៃជុំវិញ ការបង្ការទប់ស្កាត់នោះទេ ដោយបានធ្វើការផ្សព្វផ្សាយ ទៅដល់ថ្នាក់មូលដ្ឋាន ដូចជានៅតាម ទីផ្សារនានា មិនថាផ្សាររដ្ឋនិងឯកជន ។ ដោយបានផ្សព្វផ្សាយ ពីការធ្វើអនាម័យ គ្រប់ពេលវេលាទៅតាមការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល៕ ដារាត់

To Top