ព័ត៌មានជាតិ

កម្ពុជា ស្នើឲ្យអូស្ត្រាលី ជួយបន្ថែមទៀត ក្នុងសកម្មភាព អភិវឌ្ឍសមាសធាតុផ្សេងៗ លើវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ៖ លោក ប៉ាន់ សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តាមរយៈលោកប៉ាប្លូ កាំង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានស្នើអោយអូស្រ្តាលីជួយបន្ថែមទៀត ក្នុងសកម្មភាព អភិវឌ្ឍសមាសធាតុផ្សេងៗ លើវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។ នេះបើយោងតាមហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសអនុញ្ញាតឲ្យលោក ប៉ាប្លូ កាំង ចូលជួបពិភាក្សាការងារ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០លោក ប៉ាន់ សូរស័ក្ដិ បានថ្លែងអំណរគុណ ចំពោះការផ្ដល់ព័ត៌មាន ដោយលោកឯកអគ្គរាជទូតអូស្ត្រាលី ក៏ដូចជាចំពោះជំនួយនានា ដែលរដ្ឋាភិបាលអូស្ត្រាលី បានផ្ដល់ជូនប្រទេស និងប្រជាជនកម្ពុជា។

លោករដ្ឋមន្រ្តីបន្តថា កម្ពុជានិងអូស្ត្រាលី ក៏ជាភាគីនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីមួយចំនួន ដូចជា កិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងអាស៊ាន-អូស្ត្រាលី និងនូវែលហ្សេឡង់ (AANZ) ហើយកម្ពុជា និងអូស្ត្រាលី នឹងសហការគ្នា ដើម្បីជំរុញការបញ្ចប់ និងអនុវត្តកិច្ចព្រមព្រៀងទាំងនោះ ឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងនេះផងដែរ លោក ប៉ាន់ សូរស័ក្ដិ ក៏បានស្នើសុំឲ្យអូស្ត្រាលី ពិនិត្យលទ្ធភាពជួយបន្ថែមទៀត ក្នុងសកម្មភាពរួមមាន លិខិតបទដ្ឋានគតិយុត្ត និងការអភិវឌ្ឍសមាសធាតុផ្សេងៗ ក្នុងវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក លិខិតបទដ្ឋានគតិយុត្ត នៃច្បាប់ស្ដីពីការប្រកួតប្រជែង ក៏ដូចជាចូលរួមអនុវត្ត នូវអនុសាសន៍នៃយុទ្ធសាស្ត្រ សមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣។

ក្រៅពីនេះផងដែរ កម្ពុជា និងអូស្ត្រាលី ក៏នឹងពិនិត្យលទ្ធភាព ក្នុងការពង្រីក ការធ្វើពាណិជ្ជកម្មទ្វេភាគី ដោយក្នុងនោះ លោកឯកអគ្គរាជទូត បានជម្រាបជូនដែរថា ក្រុមហ៊ុនអូស្ត្រាលីមួយ ក៏កំពុងតែសិក្សាលទ្ធភាពវិនិយោគ ក្នុងខ្សែសង្វាក់ផលិតកម្ម ស្រូវ-អង្ករនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទៅទីផ្សារអូស្ត្រាលី។

ចំណែកលោកឯកអគ្គរាជទូត បានជម្រាបជូនពីសកម្មភាពមួយចំនួន របស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងកិច្ចសហការជាមួយនឹង រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបាននូវលំនឹងសេដ្ឋកិច្ច និងជីវភាពសង្គមដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនោះរួមមានការផ្ទេរប្រាក់ តាមរយៈក្រុមហ៊ុនវីង (WING) ជូនទៅក្រុមគ្រួសារក្រីក្រ ក៏ដូចជាការផ្ដល់ជូន នូវរថយន្តសង្គ្រោះបន្ទាប់ចំនួន ២០ គ្រឿង ជូនចំពោះក្រសួងសុខាភិបាល កម្ពុជា។

ក្រៅពីនេះផងដែរ រដ្ឋាភិបាលអូស្ត្រាលី ក៏បានរៀបចំ និងកំពុងអនុវត្តគម្រោងដទៃទៀត ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ អប់រំ យេនឌ័រ វិនិយោគ និងពាណិជ្ជកម្មផងដែរ។ ទាក់ទងនឹងក្រសួងពាណិជ្ជកម្ម ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបអំពីសកម្មភាព ដែលរដ្ឋាភិបាលអូស្ត្រាលី បានជួយដល់ក្រសួងពាណិជ្ជកម្ម រួមមាន ការជំរុញការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងជំនួយបច្ចេកទេស ដល់ការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីការប្រកួតប្រជែង។ លើសពីនោះទៀត អូស្ត្រាលីក៏កំពុងតែសិក្សា និងគ្រោងនឹងបញ្ចប់ការសិក្សា នៅឆ្នាំ២០២១នេះ នូវគម្រោងថ្មីមួយ ដែលផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ច សម្របសម្រួលវិនិយោគ និងពិពិធកម្មពាណិជ្ជកម្មផងដែរ៕ ដោយ ៖ បាន ធារ៉ូ

To Top