ព័ត៌មានជាតិ

ឡាវដាក់សំណើ សុំសាងសង់ ទំនប់វារីអគ្គិសនី កាត់ទន្លេមេគង្គ មួយទៀត

ភ្នំពេញ ៖ គណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC បានឲ្យដឹងថា រដ្ឋាភិបាលឡាវ បានដាក់សំណើមួយទៀត នូវគម្រោងសាងសង់ ទំនប់វារីអគ្គិសនី កាត់ទន្លេមេគង្គ ដែលអាចផលិតថាមពលអគ្គិសនី ពេញមួយឆ្នាំបាន៦៨៤ មេហ្កាវ៉ាត់ ។ នេះបើយោងតាមAKP។

គណៈកម្មការទន្លេមេគង្គ នៅថ្ងៃទី១២ ខែឧសភានេះ បានបញ្ជាក់ថា គម្រោងសាងសង់ ទំនប់វារីអគ្គិសនី កាត់ទន្លេមេគង្គថ្មីមួយទៀត រដ្ឋាភិបាលប្រទេសឡាវនេះ គឺស្ថិតនៅក្នុងស្រុកសាណាខាំ ដែលមានទីតាំងភូមិសាស្ត្រ នៅចន្លោះខេត្តសាយ៉ាបូរី និងខេត្តវៀងចន្ទ ។

គម្រោងថ្មីនេះ បានស្នើឡើងខណៈគម្រោងចំនួន៥ទៀតរួមមាន ៖ គម្រោងទំនប់វារីអគ្គិសនីសាយ៉ាបូរី ដនសាហុង ប៉ាក់បេង ប៉ាក់ឡាយ និងលួងប្រាបាង នាពលកន្លងមក បាននឹងកំពុងដាក់ឆ្លងកាត់ ដំណើរការពិគ្រោះយោបល់ជាមុន ទៅលើផលប៉ះពាល់ឆ្លងដែន ដែលអាចកើតមានលើបរិស្ថាន លំហូរទឹក គុណភាពទឹក និងជីវភាពរស់នៅ របស់សហគមន៍តាមដងទន្លេ ។

លោក អាន ពេជ្រហត្ថដា នាយកប្រតិបត្តិ នៃលេខាធិការដ្ឋានគណៈកម្មការ ទន្លេមេគង្គ មានប្រសាសន៍ថា «ប្រទេសឡាវ បានដាក់ស្នើគម្រោង ប្រើប្រាស់ទឹកមានលក្ខណៈពេញមួយឆ្នាំ លើដងទន្លេមេ នៃទន្លេមេគង្គ ដែលគម្រោងនេះ តម្រូវឲ្យឆ្លងកាត់ ដំណើរការកិច្ចពិគ្រោះ យោបល់ជាមុន ។ ការដាក់ស្នើនេះ នឹងផ្តល់លទ្ធភាពឲ្យប្រទេស ជាសមាជិកទទួលបានការ ជូនដំណឹងព្រមទាំងសាធារណជន ទូទៅទទួលបាននូវ ព័ត៌មានលម្អិត និងធ្វើការសិក្សា ពីគម្រោងប្រើប្រាស់ទឹក និងផលប៉ះពាល់របស់ពីគម្រោងនេះ»។

លោកបានបន្តថា រដ្ឋាភិបាលឡាវបានផ្តល់ នូវសំណុំឯកសារវិស្វកម្ម និងការសិក្សាលទ្ធភាពគម្រោង ក្នុងកម្រិតបច្ចេកទេស រួមមានការវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមរបស់គម្រោង ទំនប់វារីអគ្គិសនីសាណាខាំ ព្រមទាំងការសិក្សា លើកំណកកករ និងជលផលទៅកាន់ប្រទេស ជាសមាជិករួមមាន៖ ប្រទេសកម្ពុជា ថៃ និងវៀតណាម ដើម្បីទទួលបានការពិគ្រោះយោបល់ និង ការឯកភាព ដើម្បីឈានទៅការសាងសង់ ក្នុងឆ្នាំ២០២០នេះ ក្រោមដើមទុនជាង ២ពាន់លានដុល្លារអាមេរិក។

យោងតាម របាយការណ៍ របស់គណៈកម្មការ ទន្លេមេគង្គ បានឲ្យដឹងថា បច្ចុប្បន្ន មានគម្រោងចំនួន ៤៩ តាមដៃនៃដងទន្លេមេគង្គក្រោម ត្រូវបានដាក់ស្នើ សម្រាប់ដំណើរការជូនដំណឹងក្រោម នីតិវិធីពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ទឹកលើដងទន្លេមេ នៃដងទន្លេមេគង្គ របស់គណៈកម្មការទន្លេមេគង្គ។

ក្នុងចំណោមសំណើគម្រោង សាងសង់ទំនប់វារីអគ្គិសនី កាត់ទន្លេមេគង្គក្រោមទាំងនេះ មានគម្រោងស្នើពីប្រទេសកម្ពុជា មានចំនួន៣គម្រោង ឡាវចំនួន៣០គម្រោង ថៃចំនួន២គម្រោង និងពីប្រទេសវៀតណាម ១៤គម្រោង ៕

To Top