ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា មានអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយម្នាក់ទៀតហើយ ដែលធ្វើឲ្យចំនួន អ្នកជាសះស្បើយ សរុបកើនដល់ ចំនួន១២១នាក់ ខណៈដែលកំពុងសម្រាកព្យាបាល នៅសល់តែម្នាក់ប៉ុណ្ណោះ ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ ដែលបានជាសះស្បើយម្នាក់ ទៀតនៅថ្ងៃទី ១២ ខែឧសភានេះ គឺជាបុរសអាយុ៧៥ ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង បន្ទាប់ពីរូបលោកត្រូវ បានបញ្ជូនមកកាន់ មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត កាលពីថ្ងៃទី៨ ខែឧសភា ។
សេចក្តីប្រកាស របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា បើអ្នកជាសះស្បើយទំាងអស់ គឺបានកើនដល់ចំនួន ១២១ នាក់ ខណៈអ្នកឆ្លងសរុបមាន ចំនួន១២២នាក់ នៅទូទំាងប្រទេស។
លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចងចាំនិងបង្កើនការប្រុងប្រយ័ត្ន ឲ្យបានទ្វេដងជាប់ជាប្រចាំដោយ ត្រូវពាក់ម៉ាសការពារ លាងដៃ ឲ្យបានញឹកញាប់ ជាមួយសាប៊ូ លាងដៃជាមួយទឹកអាល់កុល និងជែលសម្អាតមេរោគ និងបាក់តេរីផ្សេងៗរក្សា ចម្ងាយមួយម៉ែត្រកន្លះពីគ្នា នៅទីប្រជុំជន ដើម្បីចៀសវាងការចម្លង ជំងឺកូវីដ១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងទៅសហគមន៍ ។
លោកស្រីបញ្ជាក់ថា «យើងត្រឡប់មកធម្មតា មែនក៏ប៉ុន្តែយើងត្រូវតែប្រកាន់ យកនូវវិធានការ នៃការការពារខ្លួនរបស់យើង ឲ្យបានជាប់ជាប្រចាំ ហើយមិនលំបាកទេ គឺមានតែ៣ តែដែលយើងត្រូវចងចាំ ទី១គឺអនាម័យដៃស្អាត ខ្ញុំមិនបាច់រំលឹកទៀតទេបងប្អូនទាំងអស់ លោកបានជ្រូតជ្រាបហើយ ត្រូវលាងយ៉ាងបែបម៉េចហ្នឹង ។ ទី២ទៀតការប្រើប្រាស់ម៉ាស់ នៅពេលចាំបាច់រឺ ក៏មានកន្សែងមានក្រមាក្រដាស ជូនមាត់នៅពេលយើងក្អក រឺកណ្តាស់ ជាពិសេសទៀត នៅពេលយើងធ្វើដំណើរ ពីព្រោះនៅពេល ធ្វើដំណើរយើងមិនដឹងថា តើមានហេតុការអីខ្លះវាមាន មេរោគអ្វីខ្លះនិងចម្លងមកយើង បានដូច្នេះយើងចាំបាច់ត្រូវ តែប្រើប្រាស់ម៉ាស់ ។ ចំណុចទី៣ ដែលសំខាន់មែនទែននោះ គឺការអនុវត្តន៍ នូវគម្លាតសុវត្ថិភាព សង្គមនិងគម្លាតសុវត្ថិភាពបុគ្គល »។
លោកស្រីបញ្ជាក់ថា ទោះបីកម្ពុជា បានព្យាបាល អ្នកជម្ងឺកូវីដ-១៩បានច្រើននាក់ ក៏ដោយ ប៉ុន្តែ ពុំមានន័យថា ជម្ងឺនេះបានធូរស្រាលពីកម្ពុជាឡើយ ដូច្នេះត្រូវតែបង្កើនការថែរក្សាសុខភាព និងអនាម័យ ទើបឈ្នះជម្ងឺកូវីដ១៩មិនឲ្យមកបៀតបៀន រាងកាយយើង ។
សូមបញ្ជាក់ថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២២នាក់ ហើយក្នុងនោះមានអ្នកព្យាបាល ជាសះស្បើយសរុបចំនួន ១២១ នាក់ និងគ្មានអ្នកស្លាប់នោះទេ ៕