នយោបាយ

ទូតបារាំង ចាត់ទុកជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន និង លោក កឹម សុខា ជាជំហានវិជ្ជមានដំបូង

ភ្នំពេញ៖ លោកស្រី Eva Nguyen ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិង លោក កឹម សុខា អតីតមេបក្សប្រឆាំង កាលពីពេលថ្មីៗនេះ ជាជំហានវិជ្ជមានដំបូង។

លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា បានលើកឡើង តាមបណ្ដាញសង្គម ហ្វេសប៊ុក ថានៅរសៀលថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០លោក កឹម សុខា បានទទួលជួប លោកស្រី Eva Nguyen ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម លោកស្រី ឯកអគ្គរដ្ឋទូត បានស្វាគមន៍ (welcome) ចំពោះជំនួបរវាងឥស្សរជនខ្មែរទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោក កឹម សុខា នៅថ្ងៃទី៥ ខែឧសភា ដោយចាត់ទុកថាជា«ជំហានវិជ្ជមានដំបូង» (positive first step)។

លោក មុត ចន្ថា បានបញ្ជាក់បន្ថែមថា ក្នុងជំនួបនេះ លោក កឹម សុខា និងលោកស្រីឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នា អំពីបញ្ហាសង្គម និងសេដ្ឋកិច្ច(social and economic issues) ក្នុងស្ថានភាពកូវីដ-១៩ និងអំពីស្ថានភាពអនាគតទៀត។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅ លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្រ្គោះជាតិ បានដឹកនាំសមាជិករបស់លោកមួយចំនួន ចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧ បាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាមាតាក្មេក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ក្នុងឱកាសនោះ លោក កឹម សុខា ក៏បានឆ្លៀតជួបពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រមាណជិត១ម៉ោងផងដែរ៕

To Top