ព័ត៌មានជាតិ

ក្រុមហ៊ុនHuawei គ្រោងវិនិយោគ លើគម្រោង ប្រើប្រាស់ ប្រព័ន្ធព័ត៌មានវិទ្យាតាម អនឡាញ ដើម្បីផ្តល់សេវាសាធារណៈ នៅកម្ពុជា

ភ្នំពេញ៖ លោក YAO Yuya នាយកប្រតិបត្តិក្រុមហ៊ុន Huawei Technology (Cambodia) Co., Ltd. ប្រចាំកម្ពុជា នៅក្នុងជំនួបជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានបង្ហាញនូវចំណាប់អារម្មណ៍ ចង់វិនិយោគលើគម្រោងជាច្រើន ទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធព័ត៌មានវិទ្យា តាមអនឡាញ ដើម្បីផ្តល់សេវាសាធារណៈ។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងសាធារណៈការនឹងដឹកជញ្ជួន។

នៅក្នុងជំនួបនេះផងដែរ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពី អត្ថប្រយោជន៍នៃការដាក់ឱ្យប្រើប្រាស់ កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយសារជង្ហុក សំបុកមាន់ និងផ្លូវខូច ព្រមទាំងជួយឱ្យប្រជាពលរដ្ឋ ធ្វើដំណើរលើប្រព័ន្ធបណ្តាញផ្លូវ ប្រកបដោយសុវត្ថិភាព ការប្រើប្រាស់ ជញ្ជីងថ្លឹងរថយន្ត ដោយស្វ័យប្រវត្តិបង្កប់នៅក្នុងដី (Weighs in motion) និងកាំមេរ៉ាចាប់ល្បឿន រថយន្តសំដៅធានា កុំឱ្យមានរថយន្ត ដឹកទំនិញ លើសកម្រិតកំណត់ ។
ជាមួយគ្នានេះផងដែរ លោក YAO Yuya បានសម្តែងនូវចំណាប់អារម្មណ៍ ចង់វិនិយោគលើគម្រោងជា ច្រើននៅកម្ពុជា ទាក់ទងនឹងការ ប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា តាមអនឡាញ ដើម្បីផ្តល់សេវាសាធារណៈ តាមរយៈបទបង្ហាញ របស់ខ្លួន ដែលលើកឡើងអំពី សមិទ្ធផលសម្រេចបានសំខាន់ៗ របស់ក្រុមហ៊ុនដែល បានធ្វើប្រតិបត្តិការនៅប្រទេសចិន។

លោកក៏បានណែនាំឱ្យលោក YAO Yuya ចូលរួមសហការជាមួយ នាយកដ្ឋានព័ត៌មាន វិទ្យា និងទំនាក់ទំនងសាធារណៈរបស់ក្រសួង ដើម្បីស្វែងយល់វិស័យសំខាន់ៗដែលក្រុមហ៊ុនHUAWEI អាចផ្តល់ការគាំទ្រឯកទេសបាន។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវ អំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មាន វិទ្យានៃបដិវត្តឧស្សាហកម្មជំនាន់ ៤.០ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព ដែលក្នុងនោះរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្ម ការចុះបញ្ជីយានយន្ត ការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត កម្មវិធីថែទាំផ្លូវROAD CARE Mobile App ជាដើម។

ដោយឡែក លោក ស៊ុន ចាន់ថុល ក៏បានជម្រាបជូនភ្ញៀវផងដែរ អំពីការត្រៀមដាក់ ឲ្យប្រើប្រាស់ឧបករណ៍ តាមដានល្បឿន បើកបររបស់អ្នកបើកបរ និងតម្រាយផ្លូវធ្វើដំណើរ ប្រមាណ១២០គ្រឿងរបស់ក្រុមហ៊ុន Baidu ដែលអាចបំពាក់ នៅតាមរថយន្តដឹកទំនិញធំៗ តាមរយៈក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជា មានិតចិន ដើម្បីធ្វើឱ្យប្រសើរឡើងដល់សុវត្ថិភាពចរាចណ៍។

លើសពីនេះទៀត លោក បានជម្រាបជូនភ្ញៀវ អំពីគម្រោងប្រើប្រាស់ Block Chain របស់ក្រសួង ដើម្បីកាត់បន្ថយនីតិវិធី ស្មុគស្មាញ ក្នុងការបំពេញការងារ និងក្លាយជាក្រសួង ឈានមុខគេក្នុងការ ប្រើប្រាស់ក្រដាសស្នាម តិចតូច(Paperless) ដើម្បីពន្លឿនលំហូរ ការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕ដោយ៖ បាន ធារ៉ូ

To Top