ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ កម្ពុជា ប្រឈមនឹងកូវីដ-១៩ ទើបធ្វើឲ្យផែនការ សកម្មភាពមួយចំនួន មិនអាចសម្រេចបាន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ ថា នៅឆ្នាំ២០២០នេះ កម្ពុជាកំពុងប្រឈម ទៅនឹងបញ្ហា កូវីដ-១៩ ទើបធ្វើឲ្យផែនការ សកម្មភាព មួយចំនួនមិនអាចសម្រេចទៅបាន តាមការគ្រោងទុក ។

ក្នុងកិច្ចប្រជុំឆ្លងផែនការ សកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «នៅឆ្នាំ ២០២០ នេះ ថ្វីដ្បិតថា យើងគ្រប់គ្នាបានដឹងរួចមកហើយ នូវការប្រឈមមុខ នឹងវិបត្តិជំងឺ កូវីដ-១៩ ដែលអាចធ្វើឲ្យផែនការ សកម្មភាពមួយចំនួន មិនអាចសម្រេចទៅបាន តាមការគ្រោងទុក ។ ប៉ុន្តែការដាក់ចេញនូវផែនការ ជាក់លាក់ គឺជាកិច្ចការដ៏មានសារៈសំខាន់ និងក៏ជា មូលដ្ឋានគ្រឹះ សម្រាប់ការរៀបចំផែនការសកម្មភាព ឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ទៀត» ។

ជាងនេះទៅទៀត សម្ដេច ស ខេង បញ្ជាក់ថា ផែនការសកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម មានសារៈសំខាន់ណាស់ ដើម្បីឲ្យមានភាពជាក់លាក់ ហើយងាយ ស្រួលដល់ការសម្របសម្រួលថវិកា ដើម្បីបម្រើការងារ ក៏ដូចជាបង្កើនប្រសិទ្ធភាព នៃការចាត់ ចែងការងារ នៅក្នុងតួនាទី នៅអគ្គនាយដ្ឋាននីមួយៗ ។

សម្ដេចបន្ដថា រហូតដល់ពេលនេះ បានឆ្លងអនុម័ត ផែនការសកម្មភាពនេះ ទៅដល់អគ្គនាយ ដ្ឋានមួយ ចំនួនហើយដែរ ដូចជា អគ្គស្នងការដ្ឋាននគរបាលជាតិ បណ្ឌិត្យសភានគរបាលជាតិ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ជាដើម។ សម្ដេច ស្នើឲ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវពន្លឿនការងារនេះបន្ថែមទៀត ។

នាឱកាសនោះ នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឲ្យដឹងថា ផែនការសកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ត្រូវបានរៀបចំឡើង យោងតាមអនុសាសន៍ដឹកនាំរបស់ សម្ដេច ស ខេង ក្នុងពិធីបិទសន្និបាត កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០។ លោក បន្តថា យោងតាមផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពី អត្តសញ្ញាណកម្ម ឆ្នាំ២០១៧ ដល់២០២៦ និងយោងតាមផែនការយុទ្ធសាស្ដ្រ៥ឆ្នាំ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។

ជាងនេះទៅទៀត លោកលើកឡើងថា ការគ្រប់គ្រងអត្តសញ្ញាណបុគ្គល មានសារៈសំខាន់ ជាគន្លឹះ និងជាមូលដ្ឋានគ្រឹះនៃកិច្ចការអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល ដូចជាការគ្រប់ គ្រង រដ្ឋបាលដែនដី, ការថែរក្សាសន្ដិសុខសណ្ដាប់សាធារណៈ, ការធានានូវសិទ្ធិផល ប្រយោជន៍ស្របច្បាប់មូលដ្ឋានរបស់បុគ្គល, ការលើកកម្ពស់ផ្ដល់សេវាសាធារណៈ និងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាដើម។

លោកបន្តទៀតថា ដើម្បីពង្រឹងក្នុងការគ្រប់គ្រង អត្តសញ្ញាណបុគ្គល រាជរដ្ឋាភិបាលកម្ពុជា បានបង្កើត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កាលខែមេសា ឆ្នាំ២០១៤ ក្នុងគោលដៅពង្រឹង ប្រសិទ្ធភាពលើការគ្រប់គ្រង និងផ្ដល់សេវាសាធារណៈអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ៕ ដោយ អេង ប៊ូឆេង

To Top