ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) ទូលថ្វាយព្រះពរព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហាវិសេសវិសាល ជ័យមង្គលាភិរម្យឧត្តុងឧត្តមថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គម្រង់ ៦៧ យាងចូល ៦៨ ព្រះវស្សា ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។
ក្នុងឱកាសដ៏មហាវិសេសវិសាល ជ័យមង្គលាភិរម្យឧត្តុងឧត្តមថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទូលព្រះបង្គំ អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកក្រោមឱវាទទាំងអស់ សូមព្រះបរមរាជានុញ្ញាត លំឱនកាយវាចាចិត្ត អភិវន្ទសម្តែង នូវមនោសញ្ចេតនាយ៉ាងស្មោះស្ម័គ្រ ប្រកបដោយភក្តីភាព ថ្វាយនូវព្រះមហាសព្ទសាធុការពរជ័យ បវរសួស្តី វិបុលសុខ មហាប្រសើរ ចំពោះព្រះករុណាថ្លៃវិសេស ដើម្បីទ្រង់គង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ទឹកដីសុវណ្ណភូមិកម្ពុជា និងប្រជារាស្ត្រខ្មែរ ជាទីស្នេហាគ្រប់ៗរូប ជាយូរអង្វែងតរៀងទៅ។
ក្នុងឱកាស ដ៏មហានក្ខត្តឬក្សអភិសិរ័កទ្រាភិរម្យនេះ ជាកិច្ចតបស្នង ដល់ព្រះករុណាទីគុណ ដ៏លើសលប់របស់ ព្រះករុណាអម្ចាស់ ជីវិតតម្កល់លើត្បូង ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត សម្តែងថ្វាយនូវកត្តញ្ញូកត្តវេទី យ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះមហាករុណាទីគុណ ព្រះព្រហ្មវិហារធម៌ និងព្រះរាជបេសកកម្ម ជាប្រវត្តិសាស្ត្រដ៏ឧត្តុងឧត្តម ក្នុងបុព្វហេតុ ដើម្បីភាពសុខក្សេមក្សាន្ត របស់ជាតិមាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ ជាពិសេសព្រះរាជបេសសកម្ម លើវិស័យមនុស្សធម៌ និងវិស័យសង្គមកិច្ច ដែលព្រះរាជបេសសកម្ម បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ជាទីស្នេហា មានវឌ្ឍនភាព និងកិត្យានុភាពត្រដែត វិស្សុតនាមទូទាំងសកលលោក។
ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមលើហត្ដប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យកែវទាំង៣ មហិទ្ធិឬទិ្ធបុណ្យបារមី នៃទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តសិទ្ធិ ក្នុងលោក ព្រមទាំងដួងព្រះវិញ្ញាណ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមជួយបីបាច់ថែរក្សា ព្រះករុណាជាអម្ចាស់ជីវិត តម្កល់លើត្បូង សូមព្រះអង្គមាន ព្រះបញ្ញាញ្ញាណឈ្លាសវៃ ព្រះកាយពលមាំមូន ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ របស់កូនចៅ ជានិច្ចនិរន្តត៍រៀងទៅ ពិសេសសូមទ្រង់ ប្រកបដោយព្រះពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕