ព័ត៌មានជាតិ

អង្គការចលនា ដើម្បីសុខភាពកម្ពុជា ៖ ការសេពគ្រឿង ស្រវឹងជុំគ្នា ជាកត្តាប្រឈមខ្ពស់ ក្នុងការឆ្លង ជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោក មុំ គង់ នាយកប្រតិបត្ដិ អង្គការចលនា ដើម្បីសុខភាពកម្ពុជា បានថ្លែងថា ការសេពគ្រឿងស្រវឹងជុំគ្នា ជាកត្តាប្រឈមខ្ពស់នៃការឆ្លងជំងឺ កូវីដ-១៩ ហើយកត្តាប្រឈម ទាំងនោះមាន មិនលាងដៃជាមួយ អាល់កុល ឬសាប៊ូ មិនពាក់ម៉ាស់ មិនរក្សា គម្លាត ក្នុងអំឡុង ពេលសេពគ្រឿងស្រវឹង ខណៈ មកកទល់ពេលនេះ មិនទាន់មានវ៉ាក់សាំងឬថ្នាំព្យាបាល ជំងឺកូវីដ-១៩ នៅឡើយទេ ។

យោងតាមលិខិតរបស់ អង្គការចលនា ដើម្បីសុខភាពកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោក មុំ គង់ បានឲ្យដឹងថា ដើម្បីរួមចំណែកទប់ស្កាត់ ការរីករាលដាល នៃជំងឺ កូវីដ-១៩ ក្នុងសហគមន៍ដែលកើតឡើង ដោយការសេពគ្រឿងស្រវឹងជុំគ្នា រាជរដ្ឋាភិបាល គួរចេញបទបញ្ជាហាមឃាត់ ការផ្សាយពាណិជ្ជកម្មគ្រឿង ស្រវឹងគ្រប់ទម្រង់ និងហាមលក់គ្រឿង ស្រវឹងគ្រប់ប្រភេទមួយរយៈ ។ ព្រោះការផ្សាយពាណិជ្ជកម្មគ្រឿង ស្រវឹងនិងភាពងាយរកបាន នៃគ្រឿងស្រវឹងជំរុញ ឱ្យមានការប្រើប្រាស់គ្រឿង ស្រវឹងកើនឡើង។

លោកមានប្រសាសន៍ថា «ការសេពគ្រឿងស្រវឹងជុំគ្នា ជាកត្តាប្រឈមខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩។ កត្តាប្រឈមទាំងនោះមានដូចជា មិនបានលាងដៃជាមួយអាល់កុល ឬសាប៊ូ មិន បានពាក់ម៉ាស់ មិនបានរក្សាគម្លាតក្នុងអំឡុងពេលសេពគ្រឿងស្រវឹង ជាដើម»។

លោកបន្ដថា ក្នុងអំឡុងពេលសេពគ្រឿងស្រវឹង ភាពស្និទ្ធស្នាល ការស្វាគមន៍ ដូចជាចាប់ដៃ ប្រកៀកប្រកិតគ្នា ឬអោបគ្នា ជល់កែវជាមួយគ្នា ហូបគ្រឿងក្លែមជុំគ្នាសុទ្ធតែជាកត្តា ប្រឈមនៃការឆ្លងជំងឺ កូវីដ-១៩ ព្រោះយើងមិនអាចដឹងថានរណាមានផ្ទុកវីរុសនេះទេ។

លើសពីនេះទៀត អង្គការសុខភាពពិភពលោក បានលើកឡើងថា «ការសេពគ្រឿងស្រវឹងនឹង ធ្វើឱ្យចុះខ្សោយប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយសមត្ថភាពទប់ទលនឹងជំងឺឆ្លងជាច្រើន។ បើយើង ក្រលេកមើលស្ថានភាព បច្ចុប្បន្ននេះប្រជាពលរដ្ឋ ភាគច្រើនចាប់ផ្ដើមប្រមូលផ្ដុំគ្នា ផឹកស៊ីច្រៀងសប្បាយ ជាហូរហែរ ដែលឥរិយាបទទាំងនេះប្រាសចាកទៅ នឹងសេចក្ដីណែនាំរបស់ក្រសួង សុខាភិបាលទាំងស្រុង» ។

ចំណែកក្រសួង សុខាភិបាល បានបញ្ជាក់ផងដែរថា បញ្ហាកូវីដ-១៩ នៅកម្ពុជាស្ថិតនៅភ្លើង ស្ដុបពណ៌លឿង នៅឡើយទេ សុំប្រុងប្រយ័ត្នខ្ពស់មែនទែន ប្រយ័ត្នប៉ះពាល់ ជាមួយវីរុសកូវីដ-19 ធ្វើឱ្យសោកាសុខភាព របស់អ្នក៕
ដោយ ៖ អេង ប៊ូឆេង

To Top