ព័ត៌មានជាតិ

បាត់ដំបង ជាខេត្តឈានមុខគេ ក្នុងការនាំអង្ករ ចេញទៅក្រៅប្រទេស និងចូលរួមចំណែក បង្កើនសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ខេត្តបាត់ដំបង ជាខេត្តឈានមុខគេ ក្នុងការនាំចេញអង្ករទៅក្រៅប្រទេស ដែលរួមចំណែកបង្កើន សេដ្ឋកិច្ចជាតិ ពិសេស ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ផងដែរ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោក ងួន រតនៈ បានរំលឹកថា កាលពីឆ្នាំ២០១៩ ផ្ទៃដី អនុវត្តការដាំដុះស្រូវក្នុងខេត្តបាត់ដំបង សរុបមានចំនួនជាង ៣៨ ម៉ឺនហិកតា ទទួលបានទិន្នផល សរុបចំនួនជាង ១លានតោន ស្មើនឹងជាង៣តោនក្នុង១ហិកតា។

លោកបន្ដថា ស្បៀងសល់ជាអង្ករចំនួន ជាង៥សែនតោន និងគិតជាស្រូវចំនួនជាង៧សែន តោន។ជាមួយគ្នានេះ ខេត្តបាត់ដំបងបាននាំអង្ករចេញទៅក្រៅប្រទេសតាមរយៈ ក្រុមហ៊ុន បៃតងកម្ពុជា ប្រមាណជាង៧ម៉ឺនតោន។

លោកបន្ថែមថា ខេត្តបាត់ដំបងបាន បង្កបង្កើនផលស្រូវរដូវវស្សា សម្រេចបានចំនួន១៨ ៣៨៩ ហិកតា ស្មើនឹង ៥.៦៩% នៃផែនការដាំដុះស្រូវរដូវវស្សាឆ្នាំ២០២០ចំនួន៣២៣ ២០០ ហិកតា ។

លោកបញ្ជាក់ថា សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបង គឺពឹងផ្អែកលើវិស័យកសិកម្មជា ចម្បង ដោយសារមានកត្តាអំណោយផលពីធម្មជាតិ អាកាសធាតុ សណ្ឋានដីនិងដីដែល មានជី វជាតិ ខ្ពស់និងប្រព័ន្ធស្រោចស្រពសំបូរបែប ។ខេត្តបាត់ដំបងមានប្រភពទឹកនិង ប្រព័ន្ធបង្ហូរទឹកជាច្រើនកន្លែង ដែលជាចំណុចខ្លាំងសម្រាប់វិស័យកសិកម្ម។

លោក ងួន រតនៈ មានប្រសាសន៍ថា «ខេត្តបាត់ដំបងជាខេត្តមួយ ដែលល្បីល្បាញ លើវិស័យ កសិកម្ម បានជាប់ឈ្មោះជាជង្រុកស្រូវក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយសារ ខេត្ត បាត់ដំបង មានប្រភពទឹកមានស្ទឹងបី ឆ្លងកាត់ សំខាន់ៗ ស្ទឹងមោង ស្ទឹងសង្កែ និងស្ទឹងមង្គលបុរី»។

លោកបន្ថែមថា «ក្នុងនោះខេត្តបាននាំអង្ករចេញតាមរយៈក្រុមហ៊ុនមូលដ្ឋាន នៅក្នុងខេត្តបាត់ ដំបង យើងមានក្រុមហ៊ុនជាង ១៥អាចនាំអង្ករ រយៈពេល ៤ ខែនេះបានជាង ១០ម៉ឺនតោន បើប្រៀបធៀប ជាមួយ ទិន្នផលនាំចេញទូទាំងប្រទេសស្មើនឹង៣៣ភាគរយ សម្រាប់ការ នាំចេញទូទាំងប្រទេសឆ្នាំនេះនៅតែឈានមុខក្នុងការនាំចេញអង្ករក្នុងខេត្តបាត់ដំបង របស់យើង»។

យោងតាមរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមហ៊ុនវិនិយោគនិងរោងចក្រធំៗនៅក្នុងខេត្ត មានដូចជា រោងម៉ាស៊ីនកិនស្រូវ រោងចក្រកែច្នៃ ដំឡូងមីនិងពោត រោងចក្រស៊ីម៉ង់តិ៍ រោងចក្រផលិតថ្នាំពេទ្យ រោងចក្រកែច្នៃក្រដាស រោងចក្រស្បែកជើងនិងរោងចក្រ សហគ្រាស គ្រឹះស្ថានផ្សេងៗទៀតចំនួន ៦១៩ ដែលបានផ្តល់ការងារដល់កម្មករចំនួនជាង១៤០០០នាក់៕ ដោយ ៖ អេង ប៊ូឆេង

To Top