Covid-19

និស្សិតកម្ពុជា នៅសឹង្ហបុរី ថ្លែងអំណរគុណទូតខ្មែរ

ភ្នំពេញ៖ និស្សិតអាហារូបករណ៍កម្ពុជា ប្រចាំសាធារណរដ្ឋសិង្ហបុរី បានផ្ញើសារថ្លែងអំណរគុណ លោក ងួន សុខវេង ឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហបុរី និងភរិយា ព្រមទាំងក្រុមការងារបុគ្គលិក នៃស្ថានឯកអគ្គរាជទូតកម្ពុជា ដែលយកអាសារដល់និស្សិតគ្រប់រូប ក្នុងស្ថានដ៏លំបាកនៃ ការរីករាលដាលកូវីដ១៩ ។

តាមបណ្តាញសង្គមហ្វេសប៊ុករបស់យុវជន តិច សំណាងឧត្តម កូនប្រុសច្បងរបស់បណ្ឌិតសភាចារ្យ តិច សំណាង ដែលជានិស្សិតអាហារូបករណ៍កម្ពុជា មួយរូបនៅសាធារណរដ្ឋសិង្ហបុរី បានថ្លែងអរគុណដល់ ស្ថានឯកអគ្គរាជទូតកម្ពុជាដូច្នេះថា៖

នៅតាងនាមឱ្យប្អូនៗនិស្សិត អាហារូបករណ៍កម្ពុជា ប្រចាំសាធារណរដ្ឋសិង្ហបុរីទាំងអស់ យើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូន លោក ងួន សុខវេង ឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហបុរី និងលោកជំទាវ ព្រមទាំងក្រុមការងារបុគ្គលិក នៃស្ថានឯកអគ្គរាជទូតកម្ពុជា ទាំងអស់គ្នា ដែលជានិច្ចជាកាលតែងតែ មើលថែយកចិត្តទុកដាក់ រក្សា និងឈឺឆ្អាលចំពោះបងប្អូនខ្មែរ យើងទាំងអស់គ្នាក្នុងសិង្ហបុរី ជារួម និងដោយឡែកជាពិសេស សម្រាប់និស្សិតសិស្សានុសិស្សខ្មែរ ដែលត្រូវឃ្លាតឆ្ងាយពីមាតុភូមិ និងគ្រួសារដើម្បីរកចំណេះវិជ្ជា និងគំនិតអភិវឌ្ឍ នវានុវត្តភាពពីខាងក្រៅ ដើម្បីបម្រើជាតិតាមលទ្ធភាព រៀងៗខ្លួននាថ្ងៃខាងមុខ។

ក្នុងសម័យដែលពិភពលោក រំជើបរំជួលនឹងជំងឺឆ្លងរាតត្បាតរាលដាលកូវីដ១៩ ទាំងសេដ្ឋកិច្ច និងសកម្មភាពជាច្រើនត្រូវបានរាំងស្ទះ ដែលអាចរាប់ថាជាវិបត្តិសកលដ៏ធំមួយ ដែលមនុស្សជាតិជួបប្រទះ ផ្សារខ្វះទំនិញ អ្នកទិញខ្វះចំណូល សាលាត្រូវបានផ្អាក ឬផ្លាស់ប្តូររបៀបការរៀន ការធ្វើដំណើរសុទ្ធតែប្រឈមនៃការឆ្លង ការជួបជុំដើម្បីផ្លាស់ប្តូរយោបល់ ស្រាវជ្រាវត្រូវបានកាត់បន្ថយ ដែលជាឧបសគ្គលំបាក សម្រាប់សិស្សនិស្សិតជាច្រើន ពិសេសប្អូនៗនិស្សិតអាហារូបករណ៍ ដែលខ្លួនមួយមកសិក្សាឆ្ងាយពីគ្រួសារតែឯង ប៉ុន្តែទាំងអស់នេះ មិនមែនជារនាំងទប់ស្កាត់នៃ ការខិតខំប្រឹងប្រែងរបស់ពួកយើងទេ ហើយពួកយើងក៏មានភាពកក់ក្តៅ និងមានកម្លាំងចិត្តដែលមានអ្នកខ្វាយខ្វល់ យកចិត្តទុកដាក់ពីសុខទុក្ខហាក់ដូចជា មហាគ្រួសារដ៏ធំមួយទីទៃ ពីផ្ទះនៅស្រុកកំណើត។

ជាមួយនឹងការចុះសាកសួរសុខទុក្ខ សំណេះសំណាលនៅថ្ងៃសៅរ៍ ទី ២ ខែ ឧសភា ឆ្នាំ២០២០នេះ ខ្ញុំបានអមដំណើរលោកពូសុខវេង និងពូឌឿននាំយករបស់ចាំបាច់សំខាន់ៗ មួយចំនួនចែកឱ្យប្អូនៗនិស្សិតអាហារូបករណ៍ នៅសិង្ហបុរីរួមមាន ម៉ាសការពារ៣ជាន់ប្រភេទក្រាស់ ៥០សម្រាប់ សម្រាប់ម្នាក់ៗ អាល់កុលលាងដៃសម្លាប់ មេរោគប្រភេទល្អម៉ាក Kenzen មួយម្នាក់ អង្ករពីកម្ពុជាម្នាក់មួយបាវ 5គីឡូ និងមីកញ្ចប់ពីរថង់សម្រាប់ម្នាក់ៗដូចគ្នា។

ប៉ុន្តែដូចអ្វីដែលនិស្សិតៗបាននិយាយ ពួកគាត់ទាំងអស់គ្នាមាន ភាពសប្បាយរីករាយជាខ្លាំង ហើយចំពោះរបស់របរដែលខាង ស្ថានទូតផ្តល់ឱ្យគឺគ្រប់គ្រាន់ចំពោះជីវភាព និងទប់ស្កាត់ការពារ ជំងឺរាលដាលខូវីដ១៩ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺក្តីស្រលាញ់ដ៏ជ្រាលជ្រៅអំពី លោកពូអ្នកមីង និងបងៗទាំងអស់ដែលគិតគូរពីសុខទុក្ខ យើងទាំងអស់គ្នារហូតដល់ ចុះសួរសុខទុក្ខក្តៅរងារ ដល់កាំជណ្តើរផ្ទះ និងណែនាំបន្ថែមឱ្យចេះប្រុងប្រយ័ត្ន ការពារខ្លួនពីជំងឺឆ្លងថ្មីៗនេះ ដោយគោរពទៅតាមការណែនាំ ពីវិធីប្រយុទ្ធនឹងជំងឺខូវីដ១៩ ពីរដ្ឋាភិបាលសិង្ហបុរី។

ជាថ្មីម្តងទៀត និស្សិតអាហារូបករណ៍កម្ពុជា ប្រចាំសិង្ហបុរី សូមថ្លែងអំណរគុណជាពន្លឹក សម្រាប់សកម្មភាពទាំងអស់ ដែលអ្នកទាំងអស់គ្នា បានធ្វើដើម្បីយើងខ្ញុំ ដោយមិនខ្លាចការលំបាក ឬនឿយហត់ ក្នុងពេលកន្លងមក និងជូនពរឱ្យមានសុខភាពល្អ ជៀសឆ្ងាយពីខូវីដ១៩ និងជោគជ័យគ្រប់ភារកិច្ចការងារ ៕

To Top