ព័ត៌មានជាតិ

ការរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី រយៈពេល១៣ថ្ងៃ កាត់បន្ថយគ្រោះ ថ្នាក់បាន៤០%

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាល រាជធានីភ្នំពេញ បានអះអាងថា ការអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី ក្នុងរយៈពេល១៣ថ្ងៃកន្លងទៅ បានបង្ហាញលទ្ធផលវិជ្ជមាន ដោយកាត់បន្ថយគ្រោះ ចរាចរណ៍បាន រហូតដល់ ៤០% ដោយសារអ្នកបើកបរភាគច្រើនបាននាំគ្នាគោរពច្បាប់។

សូមរំលឹកថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យ លេខ៣៩បាន ចាប់ផ្ដើមអនុវត្តកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២០ក្នុងគោលបំណង កាត់បន្ថយគ្រោះចរាចរណ៍ ជាពិសេស ឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ ចរាចរណ៍។

ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួយមន្ត្រី នៃការិយាល័យចរាចរណ៍ និងមន្ត្រីចរាចរណ៍ តាមបណ្តាអធិការ ខណ្ឌទាំង១៤ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងការកោតសរសើរ ដល់កម្លាំងទាំងអស់ ដែលបានខិតខំទាំងយប់ថ្ងៃ ដើម្បីបំពេញការងារ ចុះអនុវត្តន៍រឹតបន្តឹង ច្បាប់ចរាចរណ៍ ក្នុងគោលបំណងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។

លោកបន្តថា “ជាលទ្ធផល នៃការអនុវត្តរឹតបន្តឹងច្បាប់ ចរាចរណ៍រយ:ពេល ១៣ថ្ងៃកន្លងមកនេះ បានបង្ហាញជាលទ្ធផលវិជ្ជមាន ដោយកាត់បន្ថយគ្រោះ ចរាចរណ៍បានរហូតដល់ ៤០% ជាពិសេសធ្វើឲ្យអ្នកបើកបរភាគច្រើន បានចូលរួមគោរពច្បាប់ ដោយពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ គោរពភ្លើង និង ស្លាកសញ្ញាចរាចរណ៍”។

ក្នុងឱកាសនោះលោកស្នងការ ក៏បានណែនាំដល់មន្ត្រី អនុវត្តច្បាប់ទាំងអស់ ត្រូវតែមានការអត់ធ្មត់ខ្ពស់ មានអាកប្បកិរិយា និងសំដីសមរម្យជាមួយប្រជាពលរដ្ឋ ។
ជាមួយគ្នានោះលោកបញ្ជាក់ថា ក្នុងពេលអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍នេះ បើមន្ត្រីណាប្រព្រឹត្តិខុសពីការណែនាំរបស់ថ្នាក់ដឹកនាំ មន្ត្រីនោះនឹងត្រូវដាក់ពិន័យ ក៏ដូចជាការអនុវត្តតាមវិន័យកងកម្លាំង ។

លើសពីនេះទៀត លោកឧត្តមសេនីយ៍ឯក សង្កត់ធ្ងន់ថាមន្ត្រីទាំងអស់ ត្រូវតែធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការគោរពច្បាប់ចរាចរណ៍ ត្រូវតែពាក់មួកសុវត្ថិភាព មានស្លាកលេខ ពាក់ខ្សែក្រវ៉ាត់ និងកុំនិយាយទូរស័ព្ទពេលបើកបរ ( អាចនិយាយបានដោយប្រើកាស ) ។

បន្ថែមពីនេះទៀត លោកក៏បានណែនាំដល់មន្ត្រី ទាំងអស់ត្រូវតែប្រុងប្រយ័ត្ន ក្នុងការថែទាំសុខភាព ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយសាប៊ូ ឬទឹកអាល់កុលឲ្យបានញឹកញាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលពីវីរុសកូវីដ១៩ ដោយត្រូវអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជាប្រចាំ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ការអនុវត្តរឹតបន្ដឹងច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី នគរបាលធ្វើការផាក ពិន័យយានយន្ដ នៅទូទាំងប្រទេស បានជិត២ម៉ឺនករណី៕ដោយ៖ធី លីថូ

To Top