ព័ត៌មានជាតិ

រយៈពេល៥ខែ ក្រសួងសុខាភិបាល ធ្វើវិភាគសំណាក រកជំងឺកូវីដ១៩ លើមនុស្សជាង ១ម៉ឺននាក់

ភ្នំពេញ ៖ រយៈពេល៥ខែ ឆ្នាំ២០២០ (មករា-ឧសភា) ក្រសួងខាភិបាល បានធ្វើវិភាគសំណាក លើមនុស្សបានចំនួន ១៤.៦១៥នាក់ នៅទូទាំងប្រទេស ដើម្បីតេស្តរកមេរោគកូវីដ១៩ ។

យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២០បានបញ្ជាក់ថា គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងខាភិបាល បានធ្វើវិភាគសំណាក លើមនុស្សបាន ចំនួន១៤.៦១៥នាក់ នៅទូទាំងប្រទេស ក្នុងចំណោមប្រជាជន មួយលាននាក់ កម្ពុជាបានធ្វើវិភាគ សំណាកបានចំនួន ៨៩៩សំណាក ដែលជាចំនួនច្រើនជាង បណ្ដាប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ាន” ។

សេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងបន្ថែមថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា អ្នកព្យាបាលជាសះស្បើយ កើនដល់១២១នាក់ (ស្មើនឹង ៩៩,១៨% ធៀបនឹងចំនួនអ្នកមានវីរុស កូវីដ១៩ទាំងអស់ នៅក្នុងចំនួននេះ មានស្រី ៣៧នាក់ និងបុរស ៨៣នាក់)ដែល មានបុរសជនជាតិចិន១នាក់ ស្រ្តីជនជាតិចិន២នាក់ ស្រ្តីជនជាតិ អង់គ្លេងគ្លេស៣នាក់ បុរសជនជាតិអង់គ្លេស២នាក់ បុរសជនជាតិអាមេរិកកាំង១នាក់ ស្រ្តីជនជាតិអាមេរិកកាំ១នាក់ បុរសជនជាតិ ប៊ែលហ្ស៊ិក១នាក់ បុរសជនជាតិ បារាំង១៩នាក់ (ក្នុងនេះ មានទារកអាយុ៤ខែ) ស្រ្តីជនជាតិបារាំង២១នាក់ បុរសជនជាតិកាណាដា២នាក់ បុរសជនជាតិម៉ាឡេស៊ី១៣នាក់ បុរសជនជាតិ ឥណ្ឌូនេស៊ី ២នាក់ ស្រ្តីជនជាតិវៀតណាម ៣នាក់ បុរសជនជាតិខ្មែរ ៤៣នាក់និងស្រ្តីជនជាតិខ្មែរ៧នាក់ (គិតចាប់ពីខែមករា ដល់បច្ចុប្បន្ននេះ) ។ ដោយឡែក អ្នកដែលកំពុងសម្រាកព្យាបាល សរុប បានថយចុះមក នៅចំនួន១នាក់ ភេទស្រី នៅខេត្តបន្ទាយមានជ័យ បច្ចុប្បន្នត្រូវបានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្រេចបញ្ជូន ពីមន្ទីរពេទ្យនៅថ្នាក់ខេត្ត មកបន្ត ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ – សូវៀត រាជធានីភ្នំពេញ ។

ដើម្បីបន្តរក្សានូវកិច្ចការពារ កុំឲ្យមានរលកទីពីរ នៃការចម្លងវីរុសកូវីដ១៩ នៅក្នុងកម្ពុជា លោក ម៉ម ប៊ុនហេង ក៏បានក្រើនរំលឹក និងបន្តអំពាវនាវដល់ ដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ឲ្យបានជាប្រចាំ។

សូមបញ្ជាក់មកដល់ពេលនេះ កម្ពុជាមានឆ្លងជំងឺកូវីដ១៩ ចំនួន១២២នាក់ ខណៈព្យាបាលជាសះស្បើយ កើនដល់១២១នាក់ ដោយឡែក អ្នកដែលកំពុងសម្រាកព្យាបាល នៅសល់ត្រឹមតែ១នាក់ ទៀតតែប៉ុណ្ណោះ ៕ ដោយ៖ធី លីថូ

To Top