ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ នឹងប្រកាស បើកយុទ្ធនាការ ដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង រាជធានី-ខេត្ត នៅថ្ងៃទី ១៨ឧសភា

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ នឹងប្រកាស បើកយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង រាជធានី-ខេត្ត នៅវេលាម៉ោង ៨.៣០ព្រឹក ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ នាទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាព លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។

សេចក្ដីជូនដំណឹង របស់ក្រសួងយុត្តិធម៌ នៅថ្ងៃនេះ បានបញ្ជាក់ថា ក្រោយពិធីប្រកាស បើកយុទ្ធនាការនេះ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងធ្វើសន្និសិទសារព័ត៌មាន នាទីស្តីការក្រសួងយុត្តិធម៌ ដើម្បីបង្ហាញអំពីគោលបំណង និងវិធានការមួយចំនួន នៃយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ។

តាមការឲ្យដឹងពីលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថា នៅរសៀលថ្ងៃសុក្រថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមទាំងសហការី បានចូលជួបពិភាក្សាការងារ ជាមួយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពីពុករលួយ (ACU) អំពីយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលនឹងប្រកាសដំណើរការ នៅដើមសប្តាហ៍ក្រោយនេះ និងស្នើសុំកិច្ចសហការ ជាមួយអង្គភាព ប្រឆាំងអំពើពុករលួយ ក្នុងដំណើរការ នៃការអនុវត្តយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ៕

To Top