Covid-19

ចិន ប្រកាសអបអរកម្ពុជា ដែលទប់ស្កាត់ ជំងឺកូវីដ១៩ បានជោគជ័យ

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានសម្ដែងការអបអរសាទរ ចំពោះមិត្តកម្ពុជា ដែលប្រឹងប្រែងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ ដោយទទួលបានសមិទ្ធផល ប្រកបដោយមោទកភាពជាខ្លាំង ជាពិសេសអ្នកផ្ទុកជំងឺវីរុស COVID-19 បានធ្លាក់ដល់កម្រិតសូន្យ អត្រានៃការព្យាបាល ជាសះស្បើយ ចំនួន១០០% ចំនួន៣៥ថ្ងៃជាប់ៗគ្នា គ្មានករណីឆ្លងនោះទេ ។

តាមរយៈគេហទំព័រ ហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៧ ឧសភានេះ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា សូមអបអរសាទរ! ស្ថិតក្រោមម្លប់ ដ៏ត្រជាក់ត្រជំ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងស្ថិតក្រោមការដឹកនាំ ដ៏ពិតប្រាកដ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កិច្ចទប់ស្កាត់នឹងជំងឺវីរុស របស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានសមិទ្ធផល ប្រកបដោយមោទនភាពជាខ្លាំង”។

ស្ថានទូតចិនបញ្ជាក់បន្ថែមថា “រហូតដល់ថ្ងៃទី១៦ ខែឧសភា អ្នកផ្ទុកជំងឺវីរុសCOVID-19 បានធ្លាក់ដល់”កម្រិតសូន្យ” អត្រានៃការព្យាបាល ជាសះស្បើយចំនួន១០០% ចំនួន៣៥ថ្ងៃជាប់ៗគ្នា គ្មានករណីឆ្លងនោះទេ”។

ស្ថានទូតចិនសូមជូនពរ ប្រជាជនកម្ពុជា ដែលមានមនោសញ្ចេតនាមិត្តភាព ដ៏សែនជ្រាលជ្រៅ មានជីវភាពកាន់តែល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ។
សូមបញ្ជាក់ថា មកពេលនេះ កម្ពុជាបានព្យាបាល អ្នកជំងឺកូវីដ១៩ បានជាសះស្បើយ ១០០ភាគរយ សរុបទាំងអស់១២២នាក់ និងមិនទាន់រកឃើញ ករណីឆ្លងថ្មីនោះឡើយ៕

To Top