ព័ត៌មានជាតិ

ការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ សម្រេចបាន ប្រមាណ៩០% លឿនជាងផែនការ

ភ្នំពេញ៖ លោក លី រស្មី ប្រធានក្រុមការងារ បច្ចេកទេសផ្លូវថ្នល់ ខេត្តព្រះសីហនុ បានឲ្យដឹងថា តាមការវាយតម្លៃសរុប ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្រុងក្នុងខេត្តព្រះសីហនុ គិតទាំងការងារគ្រឹះផ្លូវ សម្រេចបានប្រមាណ ៩០.៦០% លឿនជាងផែនការប្រមាណ ៤.៥% ។

សូជម្រាបថា គម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ចំនួន ៣៤ខ្សែ នៅក្នុងខេត្ត ព្រះសីហនុ មានប្រវែងសរុប ៨២.១៤៥គីឡូម៉ែត្រ ត្រូវបានចាប់ផ្ដើម បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយចំណាយថវិកា ជិត៣០០លានដុល្លារ។

យោងតាមសេចក្ដីរាយការណ៍ ជូនគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ការងារដាក់លូ អនុវត្តចាប់ផ្ដើមនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ គិតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ដែលមានរយៈពេល ១៣៤ថ្ងៃ និងសម្រេចបានចំនួន៩១.៥៦% នៃការងារជាក់ស្ដែង លឿនជាងផែនការ ០.៥៤% និង អាចបញ្ចប់ក្នុងរយៈពេល ១១ថ្ងៃខាងមុខ គឺថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

ដោយឡែក ការងារចាក់បេតុង ចាប់ផ្ដើម កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០ គិតមកដល់ មកដល់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ដែលមានរយៈពេល ១១៦ថ្ងៃ សម្រេចបានចំនួន ៨៦.៤៤% នៃការងារជាក់ស្ដែង លឿនជាងផែនការ ៨.១៣% និងអាចបញ្ចប់ក្នុងរយៈពេល ១៥ថ្ងៃខាងមុខ ពោលគឺថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។

ចំណែក ការងារវាយតម្លៃសរុប បានបញ្ជាក់ថា «តាមការវាយតម្លៃសរុប ការស្ថាបនាហេដ្ឋាន សម្ព័ន្ធផ្លូវក្រុង ក្នុងព្រះសីហនុ គិតទាំងការងារគ្រឹះផ្លូវ សម្រេចបានប្រមាណ ៩០.៦០% លឿន ជាងផែនការប្រមាណ ៤.៥% ដោយមិនគិតបញ្ជូលការងារ អ៊ុតកៅស៊ូ គំនូសសញ្ញាចរាចរណ៍ ដាំដើមឈើ បង្គោលភ្លើង ការរៀបកម្រាលថ្មក្រានីត»។

សូមរំលឹកថា នៅថ្ងៃទី១៧ ឧសភា នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈ កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ចុះទស្សនកិច្ច ពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង ចំនួន៣៤ខ្សែ នៅខេត្តព្រះសីហនុ៕

ដោយ៖ អេង ប៊ូឆេង

To Top