ព័ត៌មានជាតិ

រដ្ឋបាលរាជធានី ណែនាំឲ្យម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន បន្តការប្រុងប្រយ័ត្ន នឹងបិទទីតាំង ប្រសិនបើមិនអនុវត្តតាម

ភ្នំពេញ៖ ក្រោយពីក្រសួងសុខាភិបាល ធ្វើការព្យាបាល អ្នកជំងឺកូវីដ១៩ ជាសះស្បើយអស់នៅកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា ប្រជាពលរដ្ឋ មិនមានការភ័យខ្លាច និងបាត់ការប្រុងប្រយ័ត្ន ចំពោះជំងឺនេះ ជាពិសេសនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួន ខ្វះការប្រុងប្រយ័ត្នផងនោះ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង ស្តីពីការក្រើនរំលឹក និងណែនាំ ដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន នៅរាជធានីភ្នំពេញ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ៣ចំណុចជា៖

១. ម្ចាស់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ នៅរាជធានីភ្នំពេញ ត្រូវគោរពឲ្យបានត្រឹមត្រូវ តាមការណែនាំ របស់ក្រសួងសុខាភិបាល ស្តីពីផែនការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩។

២. ត្រូវរៀបចំអោយមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃ នៅមុខច្រកទ្វារចេញ-ចូល និងត្រូវចាត់តាំងបុគ្គលិក ធ្វើការវាស់កំដៅ ភ្ញៀវទាំងអស់ មុននឹងអនុញ្ញាត អោយចូលក្នុង ភោជនីយដ្ឋាន ឬអាហារដ្ឋាន ។

៣. ត្រូវរក្សាគម្លាតសង្គម អោយបានត្រឹមត្រូវ តាមការណែនាំ របស់ក្រសួងសុខាភិបាល ។

រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា “ក្នុងករណីម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានណា មិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាននោះ ជាបណ្តោះអាសន្ន” ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា រកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុត នៅថ្ងៃទី២៧ មករា ២០២០ និងបានព្យាបាល អ្នកជំងឺកូវីដ-១៩ ដែលកើត នៅកម្ពុជា ១២២នាក់ ជាសះស្បើយ១០០%ផងដែរ៕

To Top