ព័ត៌មានជាតិ

សម្ដេចតេជោ ផ្ដល់រថយន្ត១គ្រឿង ជូនបញ្ជាការដ្ឋាន បញ្ជូនសារកងទ័ពជើងគោក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អំណោយ ជារថយន្តចំនួន១គ្រឿង ជូនដល់បញ្ជាការដ្ឋាន បញ្ជូនសារកងទ័ពជើងគោក តាមរយ:ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដើម្បីប្រតិបត្តិការប្រចាំថ្ងៃ សំដៅធានានូវប្រសិទ្ធភាពការងារ របស់បញ្ជាការដ្ឋាន បញ្ជូនសារកងទ័ពជើងគោក។

នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ប៊ូ វណ្ណរក្ស មេបញ្ជាការបញ្ជូនសារកងទ័ពជើងគោក បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះអំណោយដ៏ថ្លៃថ្លានេះ តាមរយៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងការគិតគូរពីសុខទុក្ខ និងតម្រូវការផ្សេងៗរបស់កងទ័ព។

ជាក់ស្ដែងអំណោយជារថយន្តនេះ គឺជាការរួមចំណែក ក្នុងការដឹកជញ្ជូន និងប្រតិបត្តិការការងារប្រចាំថ្ងៃ របស់បញ្ជាការដ្ឋាន បញ្ជូនសារកងទ័ពជើងគោក ឲ្យកាន់តែមានប្រសិទ្ធភាព៕ ដោយ៖ធី លីថូ

To Top