ព័ត៌មានជាតិ

សាខាកាកបាទក្រហម ខេត្តកំពង់ចាម បានទទួលថវិកា ពីសប្បុរសជន ជាង ២៦ ម៉ឺនដុល្លារ

កំពង់ចាម ៖ សប្បុរសជន បានឧបត្ថម្ថថវិកា សម្រាប់កិច្ចការមនុស្សធម៌ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានចំនួនជាង ២៦ម៉ឺន ដុល្លារ គិតត្រឹមរសៀលថ្ងៃទី ១៨ ខែឧសភាឆ្នាំ២០២០ ។

តាមមន្ត្រីរដ្ឋបាល សាលាខេត្តកំពង់ចាម បានឲ្យដឹងថា នៅរសៀល ថ្ងៃដដែលនោះ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមការងារ មូលនិធិកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ចាម ដើម្បីសរុបថវិកា ដែលទទួលបាន ពីសប្បុរសជនគ្រប់ទិសទី ក្នុងឱកាសអបអរសាទរ ខួបទី១៥៧ ទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ហើយថវិកា ដែលទទួលបានពីសប្បុរសជន គឺមានចំនួនប្រមាណជាង ២៦ ម៉ឺនដុល្លារ ។

ទន្ទឹមនឹងនេះដែរ ខាងមន្ត្រីសាលាខេត្តកំពង់ចាមរំពឹងទុកថា នឹងអាចមានសប្បុរសជន ចូលរួមឧបត្ថម្ភជាថវិកា សម្រាប់កិច្ចការមនុស្សធម៌នេះ បន្ថែមទៀត ។

មន្ត្រីដដែលបានបញ្ជាក់ថា តាមរយៈមូលនិធិនេះ សាខាកាកបាទក្រហមខេត្ត កំពង់ចាម នឹងយកចិត្តទុក្ខដាក់ ប្រើប្រាស់ថវិកាទាំងនោះ ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ ឲ្យមានប្រសិទ្ធភាពបំផុត ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ៕

To Top