ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម មានចំណាត់ការ ដើម្បីគ្រប់គ្រង តំបន់មេទឹកកណ្ដៀង ទុកជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ ស្រោចស្រពផលដំណាំ

កំពង់ចាម ៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យបណ្ដឹង របស់ប្រជាពលរដ្ឋ នៅ តំបន់ មេទឹក កណ្តៀង ស្ថិតនៅក្នុងភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាមនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២០ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចេញចំណាត់ការ ដើម្បីគ្រប់គ្រងតំបន់មេទឹកកណ្ដៀង ទុកជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ ស្រោចស្រពដំណាំ ។

ក្នុងកិច្ចប្រជុំនោះ លោកអភិបាលខេត្ត បានដាក់ចេញនូវគោលការសំខាន់ៗ ដោយបង្កើតគណៈកម្មការ គ្រប់គ្រងទន្លេ ថ្នាក់ខេត្ត និងពន្លឿន ការវាស់វែង ដើម្បីឈានទៅដល់ការកំណត់ព្រុំ ដោយមាននិយាមការ ច្បាស់លាស់ ក្នុងការចុះបញ្ជីមេទឹកកណ្តៀងជាផ្លូវការ ដើម្បីអភិរក្សតំបន់មេទឹកកណ្តៀងនេះ សម្រាប់បម្រើផលប្រយោជន៍ ដល់សហគមន៍ ដោយគាំទ្រតាមចំណាត់ការ របស់តុលាការ ។

នៅក្នុងកិច្ចប្រជុំនោះដែរ អភិបាលរងខេត្តកំពង់ចាម លោក កែវ នឫទ្ធិ បានធ្វើសេចក្ដីរាយការណ៍ថា ទំនាស់នេះ គឺផ្តើមចេញពីការលក់ដូរ ផ្ទៃដីមេទឹកកណ្តៀង តាំងពីឆ្នាំ២០០៧ រវាងប្រជាពលរដ្ឋ អាស្រ័យផល មួយចំនួនតូចនិងឈ្មួញ ដោយមានការបោះបង្គោលធំៗ ទន្ទ្រានចូលដល់បាតមេទឹក ។ ដោយការធ្វើឯកជន ភាព ដោយមានការលក់-ទិញដី នៅក្នុងសហគមន៍មេទឹកនោះ មិនត្រឹមត្រូវ មិនស្របច្បាប់ទេ ហើយបានធ្វើឲ្យប្រជាពលរដ្ឋ ផ្សេងទៀតមួយចំនួនធំក្នុងភូមិ ដែលបាននិងកំពុង អាស្រ័យផល ជួបប្រទះបញ្ហាការខ្វះខាតទឹក ដើម្បីស្រោចស្រពដំណាំ របស់ពួកគាត់ ។

លោកអភិបាលរងខេត្ត បានបន្តថា កន្លងមកមេទឹកកណ្តៀងជាប្រភពទឹក សម្រាប់ជាប្រយោជន៍សាធារណៈ លើការងារស្រោចស្រព ដំណាំកសិកម្ម និងយកទឹកប្រើប្រាស់ សម្រាប់ជីវភាពរស់នៅ ប្រចាំថ្ងៃជាដើម។ ម្យ៉ាងទៀត បញ្ហានោះ មានភាពមិនសុខចិត្ត ទើបឈានដល់ការ ដាក់ពាក្យបណ្ដឹងទៅតុលាការ ។

លោកអភិបាលរងខេត្តបន្តថា បច្ចុប្បន្ន ទំនាស់នេះ បានស្ងប់ស្ងាត់ទៅវិញ ដោយសារសំណុំរឿង នៅក្នុងដៃ តុលាការ ដោយកន្លងមករដ្ឋបាលខេត្តកំពង់ចាម ក៏បានចេញសេចក្តីណែនាំ ស្តីពីការបញ្ឈប់ការទិញ លក់ និងឈូសឆាយដី តំបន់មេទឹក នៅទូទាំងខេត្តកំពង់ចាមនោះដែរ ជាពិសេសនៅតំបន់ ស្រុកបាធាយនេះតែម្តង គឺត្រូវទប់ស្កាត់ ការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ លើដីសាធារណៈរបស់រដ្ឋ។

សូមបញ្ជាក់ផងដែរថា ក្រោយពីទទួលបានបណ្ដឹង របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងបញ្ហា តំបន់មេទឹកកណ្ដៀងនេះ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានបើកកិច្ចប្រជុំត្រួតពិនិត្យជាបន្ទាន់ ដើម្បីរកដំណោះស្រាយ ដើម្បីជាប្រយោជន៍ ដល់ប្រជាកសិករ៕

To Top