ភ្នំពេញ ៖ ក្រុមហ៊ុនវីតាល់ និងមីជាតិ បានដឹកនាំបុគ្គលិក រៀបចំកម្មវិធី ថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យជួរមុខ ដោយផ្ទាល់ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីកម្ពុជា បានព្យាបាល អ្នកជំងឺទាំង១២២នាក់ ឲ្យជាសះស្បើយ ហើយមិនមានករណីស្លាប់ ។
លោក តិច មិញ ប្រធានគ្រប់គ្រងប្រតិបត្តិការ ក្រុមហ៊ុនវីតាល់ និងមីជាតិ បានមានប្រសាសន៍ថា «ក្រុមគ្រូពេទ្យជួរមុខ បានលះបង់ទាំងពេលវេលា និងកម្លាំងកាយ ចិត្ត ឃ្លាតឆ្ងាយពីក្រុមគ្រួសារ មកប្រឈមដោយផ្ទាល់ ជាមួយអ្នកជំងឺ ដើម្បីព្យាយាមព្យាបាល អ្នកជំងឺឲ្យជាសះស្បើយ ។ ស្មារតីមួយនេះ បង្ហាញពីការលះបង់ ដ៏វិសេសវិសាល និងប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ ។ បើគ្មានគ្រូពេទ្យ ដែលមានស្មារតីលះបង់បែបនេះទេ យើងមិនអាចទស្សន៍ ទាយដឹងថា តើអាយុជីវិតរបស់អ្នក១២២នាក់ ក៏ដូចជាប្រជាជន ទូទៅនឹងទៅជាយ៉ាងណា នោះទេ » ។
ដើម្បីថ្លែងអំណរគុណ ដល់លោកគ្រូអ្នកគ្រូពេទ្យ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមីជាតិ បានពាំនាំយកនូវសម្ភារៈមួយចំនួនដូចជា ៖ ផ្ទាំងគំនូរថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យជួរមុខ ដោយមានស្នាមមេដៃ បុគ្គលិករបស់ក្រុមហ៊ុន ដើម្បីបញ្ជាក់ពីការថ្លែងអំណរគុណ បណ្ណបរិភោគអាហារ ជុំគ្នាសម្រាប់ក្រុមគ្រូពេទ្យជួរមុខ នៅក្នុងភោជនីយដ្ឋានវ័នម៉រ បាច់ផ្ការ ទឹកពិសាវីតាល់ និងមីជាតិមួយចំនួន ដើម្បីប្រើប្រាស់ ក្នុងមន្ទីរពេទ្រផងដែរ ។
លោកសាស្រ្តាចារ្យ ងី ម៉េង នាយកគ្រប់គ្រងទូទៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងក្រុមគ្រូពេទ្យជួរមុខទាំងអស់ ថ្លែងអំណរគុណដល់បុគ្គលិក ក្រុមហ៊ុនទឹកពិសាវីតាល់ និងមីជាតិ ប្រកប ដោយសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង ចំពោះអ្វីដែលបុគ្គលិកវីតាល់ និងមីជាតិ បានធ្វើឡើង នាពេលនេះ ព្រោះថា សកម្មភាពនេះ គឺជាសកម្មភាព ដែលមាន អត្ថន័យជ្រាលជ្រៅ មិនអាចកាត់ថ្លៃបាន សំរាប់ការកោតសរសើរ ការលើកទឹកចិត្ត និងការយល់ពីការលំបាក របស់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ របស់យើង ។
បន្ថែមពីនេះទៀត លោកសាស្រ្តាចារ្យនាយក ងី ម៉េង បានអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យបន្តរក្សាអនាម័យ រក្សាគម្លាត និងពាក់ម៉ាស់ជាប្រចាំ ដើម្បីទប់ស្កាត់ការផ្ទុះឡើងវិញ នៃរលកទី២ នៃវីរុសកូវីដ-១៩ ។
គួរបញ្ជាក់ផងដែរថា ក្រៅពីរៀបចំកម្មវីធី ថ្លែងអំណរគុណនេះ ក្នុងមន្ទីពេទ្យដោយផ្ទាល់ វីតាល់ និងមីជាតិ ក៏បានផលិតវីដេអូ ថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យជូរមុខ និងក្រសួង សុខាភិបាល ដែលបានចាត់វិធានការ ទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ-១៩ ទាន់ពេលវេលា និងបានបង្ហោះវីដេអូ នោះជាសាធារណៈ នៅថ្ងៃ ដែលអ្នកជំងឺកូវីដ-១៩ ចុងក្រោយបាន ជាសះស្បើយផងដែរ ៕