ភ្នំពេញ ៖ លោកប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា រហូតមកដល់ពេល នេះមានពលករខ្មែរ ត្រឡប់មកពីធ្វើការ ពីប្រទេសថៃវិញ ចូលមកតាមច្រកព្រំដែន អន្តរជាតិ អូស្មាច់ និងច្រកជាំ សរុបទាំងអស់ ចំនួន១៥៥៥៤នាក់ ក្នុងនោះបានយកសំណាក ទៅធ្វើតេស្តរកវីរុស កូវីដ១៩ ចំនួន២៣៤នាក់ ទទួលលទ្ធផលអវិជ្ជមាន ចំនួន២២៧នាក់ ខណៈនៅសល់៧នាក់ មិនទាន់ដឹងលទ្ធផល នៅឡើយ ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី “បច្ចុប្បន្នភាព និងទិសដៅការងារ បន្តរបស់រដ្ឋបាលខេត្ត ឧត្តរមានជ័យ” លោកប៉ែន កុសល្យ បានបញ្ជាក់ថា “ស្ថិតិពលកររួម ដែលបានឆ្លងដែន ចូលតាមច្រកព្រំដែន អន្តរជាតិ អូស្មាច់និងជាំ សរុបទាំងអស់មានចំនួន ១៥៥៥៤នាក់ ។ គិតថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានយកសំណាក ទៅធ្វើតេស្ត២៣៤នាក់ ស្រី១០៩នាក់ លទ្ធផលអវិជ្ជមាន ចំនួន២២៧នាក់ ស្រី១០៥នាក់ នៅសល់៧នាក់ សំណាកមិនទាន់ទទួលបានលទ្ធផល”។
លោកអភិបាលខេត្តឲ្យដឹងបន្ថែមថា អ្នកដែលសល់៧នាក់ទៀត មិនទាន់ទទួលបានលទ្ធផលនោះ មិនមែនមានន័យថា ពួកគេមានចេញរោគសញ្ញាមិនប្រក្រតីអ្វីមួយនោះទេ ជាក់ស្ដែងខាងខេត្ត មិនទាន់ទទួល បានការឆ្លើយតបពីខាងវិទ្យាស្ថាន ប៉ាស្ទ័រវិញនៅឡើយទេ ។
ចំណែក ការបង្ករបង្កើនផលស្រូវ ក្នុងរដូវវស្សា (២០១៩-២០២០) វិញលោកអភិបាលខេត្តឲ្យដឹងថា ក្នុង១ហិកតា ប្រមូលផលស្រូវបាន ចំនួន២.៧៤តោន និងមានផ្ទៃដីដាំដុះសរុបមានជាង៩ម៉ឺនហិកតា។
លោកបន្ថែមថា “ចំពោះការបង្ករបង្កើនផល នៅរដូវវស្សានេះ កសិករអវត្តការងារ ភ្ជួរដីសរុបចំនួន ៩៥៧៨៤ហិកតា ស្មើនឹង១០០,៨៣ភាគរយនៃផែនការ ៩៥,០០០ហិកតា។ចំពោះ ការងារប្រមូលផលអនុវត្តបាន៩៩,៨៤៦ហិកតា ទិន្នផលជាមធ្យម២.៧៤តោន ក្នុង១ហិកតា”។
លោកអភិបាលខេត្តថា ដោយឡែក ដំណាំបន្លែរួមផ្សំ និងដំណាំកសិ-ឧស្សាហកម្ម រដូវវស្សាអនុវត្តសរុបបានចំនួន ៦២,៨៤៦ហិកតា ស្មើនឹង១០០ភាគរយ នៃផែនការ។ ចំពោះការងារប្រមូលផល អនុវត្តបាន ៦២,៨៤៦ហិកតា ស្មើនឹង១០០ភាគរយ ។ បរិមាណស្បៀងនៅសល់លើស ពីតម្រូវការក្នុងខេត្ត គិតជាស្រូវប្រមាណ ១៧២,២៦០តោន ឬគិតជាអង្ករប្រមាណ១១០,២៤៦តោន អាចនាំចេញទៅលក់នៅទីផ្សារ ខាងក្រៅខេត្តបានផងដែរ។
ទាក់ទងការផ្គត់ផ្គង់អគ្គិសនី លោកបញ្ជាក់ថា ខេត្តនឹងពង្រីកការតភ្ជាប់បណ្ដាញអគ្គិសនី ឲ្យបានទូលំទូលាយ ឲ្យបានគ្រប់ភូមិទូទាំងខេត្ត។
លោកបន្ថែមថា ” ខេត្តនឹងពង្រីកការតភ្ជាប់បណ្ដាញ អគ្គិសនីឲ្យបានទូលំទូលាយ គ្រប់ភូមិទូទាំងខេត្ត ក្នុងនោះក្រុងសំរោង ភ្ជាប់បណ្ដាញអគ្គិសនីពីប្រទេសថៃមកប្រើប្រាស់។ ដោយឡែក នៅស្រុក៤ផ្សេងទៀត កំពុងប្រើប្រាស់បណ្ដាញអគ្គិសនី ដែលវិនិយោគ ដោយវិស័យឯកជន” ។
លោកបន្ថែមទៀតថា បច្ចុប្បន្នអគ្គិសនីកម្ពុជា បានតបណ្ដាញខ្សែចរន្ដសម្រាប់ មកផ្គត់ផ្គង់នៅស្រុកបន្ទាយអំពិល ស្រុកចុងកាល និងមួយផ្នែកទៀត នៅក្រុងសំរោង ដោយបានដាក់ ឲ្យដំណើរការ ក្នុងតំបន់ទាំងនោះ ជាបណ្ដើរៗ ហើយជាពិសេស រោងចក្រអគ្គិសនី ដើរដោយថាមពលធ្យូងថ្ម កំពុងដំណើរការសាងសង់ នៅស្រុកត្រពាំងប្រាសាទ ដែលនឹងផ្គត់ផ្គង់ ថាមពល បាន២៦៣គីឡូវ៉ាត់ ដោយគិតមកដល់ពេលនេះសម្រេច បានប្រមាណជា៥០ភាគរយ ។
ជាមួយគ្នានោះលោកបញ្ជាក់ថា ខេត្តបាននិងកំពុងរៀបចំកែលម្អ សោភ័ណភាព ក្នុងទីប្រជុំជនខេត្ត -ក្រុង-ស្រុក (កែសម្រួល និងស្ថាបនាបន្ថែមសួនច្បារ ដាក់បង្គោលភ្លើងបំភ្លឺផ្លូវ តុបតែងកែលម្អពេលរាត្រី), ស្ដារប្រព័ន្ធលូ និងស្ដារបណ្ដាញស្ពានផ្លូវនានា ដោយប្រែក្លាយពីផ្លូវ គ្រួសក្រហម ទៅជាផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូជាបន្ដបន្ទាប់ផងដែរ ៕ ដោយ៖ធី លីថូ