ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ដើម្បីកុំឲ្យរបបកម្ពុជា ប្រជាធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញ ប្រជាពលរដ្ឋខ្មែរ ត្រូវចូលរួមថែរក្សា ការពារសន្តិភាព ឲ្យបានគង់វង្ស ព្រោះ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ។
យោងតាម គេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗ រូប ចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យ ពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។
សម្ដេចតេជោ បញ្ជាក់ថា ទិវាជាតិនៃការចងចាំ ២០ ឧសភា ជាការរំលឹកដល់វិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះ ជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យ ពូជសាសន៍ ប៉ុលពត ។
សម្ដេចតេជោបន្ថែមថា ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរ បានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញ ពីទីលំនៅ របស់ខ្លួនដោយបង្ខំ និងការបង្ខំ ឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើត របស់មនុស្សក៏គ្មានដែរ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស ពីព្រោះសន្តិភាព បានផ្តល់ឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនទៅមុខទៀត»៕ ដោយ ៖ អេង ប៊ូឆេង