ភ្នំពេញ៖រដ្ឋសភាវៀតណាម បានផ្តល់ជូនរដ្ឋសភាកម្ពុជា នូវម៉ាសចំនួន១២កេសស្មើនឹងចំនួន៣០ពាន់ ម៉ាស់ សម្រាប់ចែកជូនប្រជាពលរដ្ឋក្នុង ការការពារជំងឺកូវីដ១៩។
ពិធីទទួលនិងប្រគល់ម៉ាសដែលជាជំនួយ របស់រដ្ឋសភាវៀតណាមនេះ បានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ដោយមានការចូលរួមពីលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា លោកឡោយ ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា និង លោក Vu Quang Minh ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះ មានការចូលរួមជាសាក្សីពី គណ:កម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារីនៃរដ្ឋសភា ដឹកនាំដោយ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការ ផងដែរ។
លោក ឡេង ប៉េងឡុង ក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាវៀតណាម ដែលផ្តល់អំណោយម៉ាសនាពេលនេះដល់សភាកម្ពុជា។ អំណោយនេះពិតជាបានជួយបំពេញនូវតម្រូវការខាងមធ្យោបាយប្រយុទ្ធទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនោះ។
លោកអគ្គលេខាធិការ បានគូសបញ្ជាក់ថា អំណោយនេះពិតមែនតែមិនមានចំនួនច្រើន ប៉ុន្តែវាតំណាងឲ្យមនោសញ្ចេតនាមិត្តភាព សាមគ្គីភាពរវាង ប្រជាជាតិយើងទំាងពីរ កម្ពុជា-វៀតណាម។ អំណោយនេះគឺជាសក្ខីភាពថ្មីមួយទៀតក្នុង ចំណោមកាយវិការដ៏ច្រើន ក្នុងរយៈពេលកន្លងមក ដែលប្រជាជាតិទំាងពីរបានបណ្តុះបណ្តាល កសាង និងពង្រឹងឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព ការជួយគ្នាទៅវិញទៅមក ដែលសម្បតិ្តរួមដ៏ថ្លៃថ្លារបស់ប្រជាជាតិយើងហើយ ដែលជាមូលដ្ឋានគ្រឹះបម្រើឲ្យការរស់នៅ ជាអ្នកជិតខាងល្អ ប្រកបដោយសុខសន្តិភាពនឹងការរីកចម្រើននៃប្រទេសទំាងពីរ។
សូមជម្រាបថា នៅពេលនេះកម្ពុជាពុំមាន ករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ។ អ្នកជំងឺទាំង១២២នាក់ដែល បានរកឃើញ បានព្យាបាលជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យអស់ហើយ។ ប៉ុន្តែទាំងថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលនៅតែទទូចសូមឲ្យពលរដ្ឋបន្តការប្រុងប្រយ័ត្ន ធ្វើអនាម័យជាប្រចាំ ដោយត្រូវលាងដៃ នឹងសាប៊ូឲ្យបានញឹកញាប់ ពាក់ម៉ាស និងមិនគួរចេញពីផ្ទះបើមិនមានការចំាបាច់ ត្រូវរក្សាគម្លាតសង្គម ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ១៩នេះដល់សហគមន៍។ បើទោះបីកម្ពុជាមិនមានករណីឆ្លងថ្មី តែហានីភ័យនៅតែមានខ្ពស់ ដោយសារប្រទេសជិតខាង និងសកលលោកនៅតែប្រឈមជាមួយ នឹងកូវីដ១៩ជារៀងរាល់ថ្ងៃ៕ដោយ ស សំណាង