ព័ត៌មានជាតិ

ទូតអាមេរិកថា ជំនួបជាមួយលោក កឹម សុខា បាន ពិភាក្សាគ្នាយ៉ាងល្អលើទំនាក់ទំនងកម្ពុជា-អាមេរិក

ភ្នំពេញ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បង្ហាញអារម្មណ៍ក្រោយបញ្ចប់ជំនួបជាមួយលោក កឹម សុខា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ថា ជំនួបបានពិភាក្សាគ្នាយ៉ាងល្អអំពីទំនាក់ទំនង រវាងប្រទេសទាំងពីរ។

បើតាមរយៈផេកទូតអាមេរិកថ្ងៃ២០ ឧសភា លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា “វាជាការពិភាក្សាគ្នាដ៏ល្អ ស្តីពីមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាមេរិក នីតិ រដ្ឋ សុខភាព និងសុខមាលភាព នៃប្រជាជនកម្ពុជា នៅចំពោះមុខជំងឺមហារាតត្បាតជាសាកល”។

ក្នុងជំនួបនេះ ភាគីទាំងពីរមិនត្រឹមតែសួរសុខទុក្ខគ្នា និងក្រុមគ្រួសារផ្ទាល់ទេ គឺផ្តោតអំពីបញ្ហាសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងរាលដាលក្នុងពិភពលោក និងពីផលវិបាកលើវិស័យសេដ្ឋកិច្ច និងសង្គមនៅពេលអនាគត ដែលចាំបាច់តម្រូវឲ្យមានការរួបរួមគ្នា ដោះស្រាយបញ្ហាប្រឈមទាំងនោះ៕

To Top