ភ្នំពេញ ៖ នៅក្នុងឱកាស ទិវាជាតិ នៃការចងចាំ របបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃ២០ ឧសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា សុខសន្តិភាព ដែលកម្ពុជាទទួលបាន នាពេលនេះ មិនមែនកើតមកដោយងាយៗនោះឡើយ គឺបានដោយឥស្សរជនស្នេហាជាតិ យកអាយុជីវីតទៅប្តូរ ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ រដ្ឋសភា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ សម្តេច ហេង សំរិន បានធ្វើការអំពាវនាវដល់ពលរដ្ឋទំាងអស់ រួបរួមគ្នាការពារថែរក្សាឲ្យ បាននូវសុខសន្តិភាពនេះ ឲ្យគង់វង្សរហូតទៅ ដើម្បីទទួលបានការអភិវឌ្ឍតទៅមុខទៀត ។
សម្តេច បានគូសបញ្ជាក់ថា មានតែសុខសន្តិភាពទេ ដែលផ្តល់ឱកាសឲ្យមាន លទ្ធភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនឆាប់រហ័សនោះ។
សម្តេច ហេង សំរិន មានប្រសាសន៍ថា «ដោយមើលឃើញពីគ្រោះមហន្តរាយ និងទុក្ខវេទនា របស់ប្រជាពលរដ្ឋ និងប្រទេសជាតិបែបនេះ ទើបមានកម្លំាងស្នេហាជាតិមួយ បានកើតឡើង ដើម្បីវាយរំលំរបបប្រល័យពួជសាសន៍ប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជំនះ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃផ្តល់កំណើតទី២ ដល់ប្រជាពលរដ្ឋខ្មែរ ជាថ្ងៃស្រោចស្រង់ និងកសាង ប្រទេស ជាតិចេញពីគំនរផេះផង់ ឈានមកទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ ដូចសព្វថ្ងៃ» ។
សូមជម្រាបថា ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៤ របបខ្មែរក្រហមដាក់ចេញនូវ គោលនយោបាយ ដ៏ឆ្កួតលីលា ដូចជា ផែនការការជម្លៀសប្រជាជនចេញពីទីក្រុង លុបបំបាត់ចោលទាំង ស្រុងនូវ សេដ្ឋកិច្ចទីផ្សាររូបិយប័ណ្ណ សាសនា ជាដើមមុនរបបនេះឡើងគ្របគ្រង ប្រទេសពីថ្ងៃ ទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃ ៧មករា ឆ្នាំ១៩៧៩។
ក្នុងរយៈពេលជាង៣ឆ្នាំ ពួកខ្មែរក្រហមបានកាប់សម្លាប់ ធ្វើទារុណកម្ម និងបំផ្លិចផ្លាញប្រទេស ជាតិ ឲ្យខ្ទេចខ្ទីស្ទើរគ្មានសល់ទំាងធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធ ។ ពលរដ្ឋកម្ពុជាបាន រស់នៅ ក្នុងសមុទ្រទឹកភ្នែកនិងឈាម របបអាវខ្មៅ បានកាប់សម្លាប់ពលរដ្ឋជាង៣លាននាក់៕
ដោយ ៖ អេង ប៊ូឆេង