ភ្នំពេញ ៖ ក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ត ជំរុញការអប់រំសុខភាព ជូនដល់ប្រពលរដ្ឋ និងពង្រឹងការងារតាមដាន ការអនុវត្តវិធានការ ការពាររលកទីពីរ នៃការចម្លងជំងឺ កូវីដ១៩នៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព ។
យោងតាមលិខិត របស់ក្រសួងសុខាភិបាល ផ្ញើ ជូន អភិបាល រាជ ធានី ខេត្ត កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ថ្វីត្បិតតែស្ថានភាពជំងឺ កូវីដ-១៩ នៅកម្ពុជា ហើយបច្ចុប្បន្ននេះ មិនមានរកឃើញករណីឆ្លងថ្មីឡើយ រយៈពេលជាង១ខែ ជាពិសេស កម្ពុជាបានព្យាបាល សះស្បើយ១០០% និងមិនមានករណីស្លាប់ក៏ពិតមែន ហើយភាគច្រើនលើសលុបសុទ្ធសឹង ជាករណីនាំចូល មកពីក្រៅប្រទេស។
លោកសង្កត់ធ្ងន់ថា កម្ពុជា ត្រូវតែប្រកាន់យកការ ប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះការប្រឈមទៅនឹង ការកើតមានឡើងនូវរលកទីពីរ នៃការចម្លងវិរុស កូវីដ-១៩ ជាពិសេស ការចម្លងនៅក្នុង សហគមន៍ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់នយោបាយ សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងការ រស់នៅប្រចាំថ្ងៃ របស់ប្រជាជនទូទៅ ដែលពិបាកធ្វើការប៉ាន់ស្មានបាន។
ជាមួយគ្នានោះដើម្បីចូលរួមទប់ស្កាត់រលកទីពីរ នៃការចម្លងវិរុស កូវីដ-១៩ នៅកម្ពុជា និងបន្ដចូលរួមការពារហានិភ័យនៃការចម្លងជំងឺ កូវីដ-១៩ ព្រមទាំង កាត់បន្ថយផល ប៉ះពាល់លើសេដ្ឋកិច្ច និងសង្គមលោករដ្ឋមន្រ្តី ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមគោរពតាមវិធានការនានា របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំជានិច្ច ។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ តំណាងអង្គការសុខភាពពិភពលោក (WHO) លោកស្រីLi Ailanបានព្រមានថា ដរាបណាបណ្ដាប្រទេសមួយចំនួនធំ នៅលើពិភពលោក នៅតែមានការកើនឡើង នូវជំងឺកូវីដ១៩នោះ កម្ពុជានៅតែប្រឈមជាមួយ នឹងការឆ្លងនៅជំងឺកូវីដ១៩ នេះដដែល ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដោយត្រូវគោរពតាមវិធានណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលជានិច្ច ៕ ដោយ៖ធី លីថូ