ភ្នំពេញ ៖ លោក ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្រ្តី និងជាអតីតមន្រ្តី ជាន់ខ្ពស់គណ បក្សហ្វ៊ុនស៊ិនប៉ិច ដែលកំពុងតែសម្រាកព្យាបាលនៅផ្ទះ មានទីតាំងក្បែរគុកទួលស្លែង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានលើកឡើងថា ខ្លួនមានជីវិតទី២ ដោយសារគុណបំណាច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាអ្នកជួយសង្រ្គោះ។
លោក ឱក សុជាតិ ដែលបានធ្លាក់ខ្លួនឈឺ ហើយបាន ប្រើថ្នាំពេទ្យជាប្រចាំ និងមិនទាន់អាចទទួលទាន អាហារបានដូចមុនឡើយ ។
នាពេលថ្មីៗនេះ លោក ឱក សុជាតិ បានទៅពិនិត្យ និងព្យាបាលជំងឺនៅប្រទេសថៃ មួយរយៈមកមានអាការៈធូរស្បើយ ប៉ុន្តែមិនទាន់បានប្រសើរទាំងស្រុងនៅឡើយទេ។
ដោយសារលោកធ្លាប់មានស្នាដៃ ជាអ្នកកាទូតជើងចាស់ និងជាអ្នកនយោបាយផងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីព្យាបាលជំងឺតាមរយៈ លោក ទេសរដ្ឋមន្រ្តី សេរី កុសល ។
លោក ឱក សុជាតិ លើកឡើង តាមរយៈលិខិតផ្ញើជូន សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗ ថា «ជីវិតថ្មីនេះពិតជាបាន ទទួលមកវិញជាលើកទី២ បន្ទាប់ពីថ្ងៃទី៧ មករាឆ្នាំ១៩៧៩ ដោយគុណបុណ្យបារមីរបស់ សម្តេចនាយករដ្ឋមន្រ្តី បច្ចុប្បន្ននេះ ខ្ញុំបាទបានស្រកហើយ នឹងអាចងើបក្រោកអង្គុយបានប្រសើរ ជាងមុនច្រើនណាស់ សូមសម្តេចទទួលនូវការគោរព ដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ» ៕