ភ្នំពេញ ៖ រាជរដ្ឋាភិបាល អនុញ្ញាត ឲ្យភ្ញៀវបរទេស មកពីប្រទេសអ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជា ឡើងវិញបាន ក្រោយពីមានការផ្អាក មិនឲ្យចូលមួយរយៈ ដើម្បីទប់ស្កាត់ការ រីករាលដាល នៃវីរុសកូវីដ១៩។
យោងតាម សេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០បានឲ្យដឹងថា ការអនុញ្ញាតឱ្យភ្ញៀវបរទេស ទាំង៦ប្រទេសខាងលើ ចូលមកកម្ពុជាឡើងវិញ ធ្វើឡើងតាមចំណារឯកភាព និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ និងយោង តាមការវិវត្តន៍សភាពការណ៍ នៃការរីករាលដាលជំងឺកូវីដ១៩ ។
សេចក្ដីប្រកាសបញ្ជាក់ថា គ្រប់អ្នកដំណើរទាំងអស់ ដែលចូលមកប្រទេសកម្ពុជា ទាំងជនជាតិខ្មែរ ទាំងជនបរទេស គឺត្រូវឲ្យមានវិញ្ញាបនបត្រ បញ្ជាក់សុខភាព(Health Certificate)បញ្ជាក់ថា គ្មានមេរោគកូវីដ១៩ ចេញដោយអាជ្ញាធរ សុខាភិបាល ដែលទទួលស្គាល់ ដោយរដ្ឋាភិបាល នៃប្រទេសសមី ក្នុងរយៈពេល៧២ម៉ោង ។ លើសពីនេះជនបរទេស ត្រូវមានឯកសារធនារ៉ាប់រង សុខភាពក្នុងចំនួន ទឹកប្រាក់យ៉ាងតិច ៥ម៉ឺដុល្លារ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងត្រូវគោរពតាមវិធានផ្សេងៗ ទៀតដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា (តម្រូវការនេះមិនសម្រាប់មន្រ្តី នៃស្ថានតំណាង បរទេសនិងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការប្រភេទA និងទិដ្ឋាការផ្លូវការ ប្រភេទB របស់កម្ពុជាឡើយ) ។
ប្រភពដដែលបន្ថែមថា អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូលមកដល់កម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ១៩ និងរង់ចាំទទួលលទ្ធផល ពីមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រ ។ ក្នុងករណីអ្នកដំណើរណាម្នាក់ ឬច្រើន ដែលត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩ រាល់អ្នកដំណើររួមជាមួយ ផ្សេងទៀត ទាំងអស់ តម្រូវធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈកម្មការ អន្តរក្រសួង ដើម្បីប្រយុទ្ធនិងជំងឺកូវីដ១៩ ។ ដោយឡែកក្នុងករណី អ្នកដំណើរទាំងអស់មានលទ្ធផល បញ្ជាក់ពីមន្ទីរពិសោធន៍ថា អវិជ្ជមានជំងឺកូវីដ១៩នោះ ពួកគាត់ត្រូវបានអនុញ្ញាត ឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរ មូលដ្ឋាន និងមន្ទីរសុខាភិបាល ដោយតម្រូវឲ្យធ្វើតេស្តបញ្ជាក់ម្ដងទៀត នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័កនេះផងដែរ ។
សូមបញ្ជាក់ថា ជនបរទេស ទាំង៦ប្រទេសនោះ ត្រូវបានរាជរដ្ឋាភិបាល កម្ពុជា បិទមិនឱ្យចូលមកកម្ពុជា ចាប់ពីខែមីនា ឆ្នាំ២០២០ បន្ទាប់ពីមានការផ្ទុះឡើង នូវការរីករាលដាលជំងឺកូវីដ១៩ ៕ ដោយ៖ធី លីថូ