ព័ត៌មានជាតិ

ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត សាងសង់បាន៧៤% និងចំណាយថវិកា ជាង២០០លានដុល្លារ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ៣ ភ្នំពេញ-ក្រុងកំពត ជាង១០០គីឡូម៉ែត្រ កំពុងស្ថាបនាឡើងវិញ បាន៧៤% ហើយគម្រោងនេះ ចំណាយថវិកា ប្រមាណ ២១៩,៩១១ លានដុល្លារ ។

ក្នុងពិធីចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកកំណាត់ ផ្លូវជាតិលេខ៣ ពីចោមចៅ ទៅ ក្រុងកំពត នៅថ្ងៃទី២១ ខែឧសភា លោក ស៊ុន ចាន់ថុល រៀបរាប់ថា គម្រោងពង្រីក និងលើកកម្រិត ផ្លូវជាតិលេខ៣ ពីភ្នំពេញ ទៅក្រុងកំពត ដែលមានប្រវែង សរុប១៣៤,៨២៦ គីឡូម៉ែត្រ ត្រូវបានចែកជាពីរដំណាក់កាល ៖ ដំណាក់កាលទី១ ពីចោមចៅ ទៅ បែកគូសប្រវែង៦៩,៩០ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុង កៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង ។

ដំណាក់កាលទី២ ពីបែកគូស ទៅក្រុងកំពត ប្រវែង៦៤,៩២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ត្រូវពង្រីក ទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។
លោកបន្ដថា គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លា រអាមេរិក ជាហិរញ្ញប្បទាន សម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគ របស់ រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេក ទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស សំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ។

ឆ្លៀតឱកាសនោះដែរ លោក ស៊ុន ចាន់ថុល បានណែនាំឲ្យក្រុមការងារបច្ចេកទេសខួង ស្រទាប់គ្រឹះទីមួយ ស្រទាប់គ្រឹះទីពីរ ខួងបេតុងកៅស៊ូ(AC)ស្រទាប់ទីមួយ ធ្វើតេស្តFWD និងពិនិត្យផ្លូវក្នុងក្រុងកំពត ដែល ប្ដូរពីផ្លូវACទៅផ្លូវបេតុងផងដែរ។

សូមរំលឹកថា គម្រោងពង្រីកនិង លើកកម្រិតផ្លូវជាតិលេខ៣នេះ មានរយៈពេល៤៨ខែ តាមគម្រោងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ប៉ុន្តែដោយសារវឌ្ឍនភាព នៃការសាងសង់ បានដំណើរការដោយភាពរលូន ការសាងសង់អាចនឹង ត្រូវបញ្ចប់មុនគម្រោងរយៈពេល៩ខែ ពោលគឺនៅចុងឆ្នាំ២០២១ ខាងមុខនេះ ៕

ដោយ ៖អេង ប៊ូឆេង

To Top