ព័ត៌មានជាតិ

លោកឧកញ៉ា ទៀ វិចិត្រ បន្តយកសត្វអណ្តើកសមុទ្រ ទៅព្រលែង ចូលសមុទ្រធម្មជាតិវិញ ក្រោយការចូលរួម សហការ​ ពីប្រជានេសាទ

ព្រះសីហនុ​៖ លោកឧកញ៉ា ទៀ វិចិត្រ នៅក្នុងសប្តាហ៍នេះ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលទៀត យកទៅលែងឲ្យរស់នៅ ក្នុងសមុទ្រធម្មជាតិវិញ នាប្រជុំកោះរ៉ុង ដែលនេះជាការចូលរួម​ សហការពីប្រជានេសាទនៅសមុទ្រ ប្រគល់ជូន ដើម្បីចូលរួមអភិរក្ស ប្រភេទសទ្វកម្ររ ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះ មានទំងន់ជិត២០គីឡូ នេះជាលើកទី១១៦ ដែលលោកឧកញ៉ា​ បានព្រលែងសត្វល្មិចនេះ ចូលសមុទ្រ ដើម្បីអភិរក្ស។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAT)ផងនោះ ក៏បានថ្លែងអំណរគុណ ដល់បងប្អូនប្រជានេសាទសមុទ្រ មួយចំនួន ដែលកន្លងមកបានចូលរួម សហការនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មកប្រគល់ជូនរូបលោក ក្រោយពេលពួកគាត់ នេសាទបាន ដើម្បីយកទៅលែង ឲ្យរស់នៅក្នុង សមុទ្រធម្មជាតិវិញ។

ចំពោះបញ្ហានេះ លោកឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ គ្រប់សហគមន៍ មន្ត្រីរាជការគ្រប់ស្ថាប័ន ជាពិសេសអ្នកនេសាទសមុទ្រ សូមបន្តជួយការពារអភិរក្សសត្វល្មិច ឬអណ្តើកសមុទ្រ ឲ្យបានគង់វង្សទាំងអស់គ្នា ដោយកុំសម្លាប់ យកធ្វើជាអាហារ ឬកុំនាំយក ទៅធ្វើអាជីវកម្មផ្សេងៗ ជាដើម៕

To Top