ព័ត៌មានជាតិ

លោកយាយពិការ អាយុ៩៦ឆ្នាំ ទទួលអំណោយ ពីលោកអភិបាល ខណ្ឌច្បារអំពៅ ជាលើកទី៣

ភ្នំពេញ ៖ លោកយាយ គឹម លី អាយុ៩៦ឆ្នាំ ដែលជាជនពិការផងនោះ បានទទួលអំណោយ មនុស្សធម៌ ពីលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ក្នុងការជួយសម្រាល ដល់ជីវភាពលោកយាយប្រចាំថ្ងៃ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ លោកចេង មុនីរ៉ា អភិបាល នៃគណៈអភិបាល ខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ អមដំណើរដោយសមាជិក សមាជិកា អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ បានអញ្ជើញសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ ទៅផ្តល់ជូន លោក គឹម លី អាយុ៩៦ឆ្នាំ ដែលកំពុងស្នាក់នៅផ្ទះជួល ភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោកអភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថា នេះជាលើកទី៣ ហើយដែលអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ នាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុន រ៉ានី ហ៊ុន
សែន ប្រធានកាកបាទក្រហមកម្ពុជា យកមកជូនដល់ដៃលោកយាយផ្ទាល់ ដែលអំណោយទាំងនោះ រួមមានរទេះរុញ សម្រាប់ជនពិការ ចំនួន១គ្រឿង គ្រឿងឧបភោគបរិភោគ គ្រប់មុខនិងថវិកា៥០ម៉ឺនរៀល ។ ដែលពីរលើកកន្លងមក គឺដូចគ្នាទៅ និងអំណោយលើកទី៣ ប៉ុន្តែរទេះរុញដែលផ្តល់លើកទី១ ត្រូវគេលួចយកទៅបាត់ ក្នុងពេលដែលលោកយាយ កំពុងសំរាន្ត ។

គួរបញ្ជាក់ថា ជារៀងរាល់សប្តាហ៍ លោកអភិបាល ខណ្ឌច្បារអំពៅ តែងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅផ្តល់ជូនជនចាស់ ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា និងប្រជាពលរដ្ឋ ដែលខ្វះខាតជីវភាព មិនដែលខកខានឡើយ ឲ្យតែមានសេចក្តី រាយការណ៍ ពីអាជ្ញាធរមូលដ្ឋាន គឺលោកអភិបាលខណ្ឌ រួសរាន់នាំយកអំណោយ ផ្តល់ជូនភ្លាមៗ ដោយមិនពន្យារពេលឡើយ ៕

To Top