ព័ត៌មានជាតិ

មិត្តដែកថែបចិន បន្តផ្តល់ជំនួយ ដល់កម្ពុជា ដើម្បីទប់ស្កាត់ នឹងជំងឺកូវីដ១៩

ភ្នំពេញ៖ ទោះបីកម្ពុជា បានព្យាបាល អ្នកជំងឺកូវីដ១៩ ទាំង១២២នាក់ ជាសះស្បើយអស់ និងមិនមានអ្នកឆ្លងថ្មីក៏ដោយ ក៏មិត្តដែកថែបចិន នៅតែបន្តផ្ដល់ជំនួយ ជាសម្ភារៈសម្រាប់ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺនេះដល់កម្ពុជា ជាបន្តបន្ទាប់ផងដែរ ។ នេះបើយោងតាមហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំកម្ពុជា។

ជាក់ស្ដែងនាថ្ងៃទី១៩ ខែឧសភា សហព័ន្ធប្រជាជនចិនក្រៅប្រទេស (សភាពាណិជ្ជកម្មចិន ក្រៅប្រទេស) នៃទីក្រុងថៃចូវ ខេត្តជាំងស៊ូ ប្រទេសចិន បានផ្តល់ម៉ាស់ ការពារសម្រាប់ប្រើមួយលើក ចំនួន១០០០០ម៉ាស់ និង៦០០០ម៉ាស់ ជូនដល់សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាប្រចាំ ខេត្តសៀមរាប និងមន្ទីរពេទ្យអន្តរជាតិអង្គរ។

នាថ្ងៃខែដដែល សភាពាណិជ្ជកម្មខេត្តជឹជាំង ប្រទេសចិន ប្រចាំប្រទេសកម្ពុជា បានប្រគល់ម៉ាស់ សម្រាប់ប្រើមួយលើក ចំនួន១០០០០ម៉ាស់ ទឹកលាងដៃចំនួន៣០០០ដប អាកុលវេជ្ជសាស្រ្តជាង៥០០០ដប និងសម្ភារៈទប់ស្កាត់ផ្សេងទៀត ដែលបានប្រមូល និងផ្តល់ដោយសភាពណិជ្ជកម្ម និងទីក្រុងលីស៊ួយ ខេត្តជឹជាំង ប្រទេសចិន ជូនចំពោះក្រសួងទេសចរណ៍កម្ពុជា ។

នាថ្ងៃខែដដែល សភាពាណិជ្ជកម្មខេត្តហ្វូជាន ប្រទេសចិនប្រចាំប្រទេសកម្ពុជា បានផ្តល់ម៉ាស់ការពារ សម្រាប់ប្រើមួយលើកចំនួន៧កេះ និងថ្នាំLIANHUA QINGWEN JIAONANGចំនួន១កេះ ជូនដល់សាលារៀនប៊ិនសៀង នៃសមាគមនិកាយចិន ហុកគៀនកម្ពុជា និងព្រមទាំងបានផ្តល់ម៉ាស់ សម្រាប់កុមារចំនួន៤០០០ម៉ាស់ ម៉ាស់ការពារសម្រាប់ប្រើមួយលើក ចំនួន៤០០០ម៉ាស់ និងថ្នាំ LIANHUA QINGWEN JIAONANGចំនួន៤០០ប្រអប់ ជូនដល់សមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា ៕ ដោយ៖ ខា ដា

To Top