ព័ត៌មានជាតិ

ក្រសួងអប់រំដាក់ដំណើរការរវីដេអូ ស្តីពីការបង្រៀនអក្ខរកម្ម និងកម្មវិធីសមមូលអប់រំ កម្រិតមូលដ្ឋានពីចម្ងាយ

ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា ដាក់ដំណើរការជាផ្លូវការនូវវីដេអូស្ដីពី “ការបង្រៀនអក្ខរកម្មនិងកម្មវិធី សមមូលអប់រំកម្រិតមូលដ្ឋានពីចម្ងាយ” ក្រោមកិច្ចគាំទ្រជាថវិកានិងបច្ចេកទេស ពីសំណាក់អង្គការយូណេស្កូ។

យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថាការដាក់ឲ្យដំណើរការ ជាផ្លូវការការបង្រៀនអក្ខរកម្មនិងកម្មវិធីសមមូលអប់រំ កម្រិតមូលដ្ឋានពីចម្ងាយគឺជាមធ្យោបាយ ដ៏ល្អបំផុតក្នុង ការជំរុញការសិក្សារបស់ប្រជាពលរដ្ឋ យុវជន និង កម្មករ កម្មការិនី រោងចក្រក៏ដូចជាការ ឆ្លើយតបជាមួយការអប់រំក្នុងយុគសម័យឌីជីថល របស់ក្រសួងអប់រំយុវជន និងកីឡាផងដែរ។

សូមបញ្ជាក់ថា តាមរយៈការបង្កើតគណៈកម្មការ ដឹកនាំផលិតវីដេអូស្តីពីការបង្រៀនអក្ខរកម្មពីចម្ងាយ ក្រុមការងារបានសម្រេចថតវីដេអូស្ដីពី “ការបង្រៀន អក្ខរកម្ម “មុខវិជ្ជា គណិតវិទ្យា ចំនួន ២៩ វីដេអូថតនៅស្ទូឌីយោពហុមេឌានៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងមុខវិជ្ជាភាសាខ្មែរចំនួន៥៥ វីដេអូថតនៅ ស្ទូឌីយោ នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ។ ដោយឡែកការផលិតវីដេអូកម្មវិធី សមមូ អប់រំកម្រិតមូលដ្ឋានចំនួន៦០ វីដេអូ គឺជាបន្ទុកនិងថតនៅស្ទូឌីយោ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។

គួររំលឹកថា ស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ១៩ ក្រសួងអប់រំយុវជននិងកីឡាសម្រេចបិទសាលារៀន គ្រប់កម្រិតនៅទូទាំងប្រទេស តែទោះជាយ៉ាងនេះ ក្ដីក្រសួង នៅតែខិតខំរិះរកមធ្យោបាយក្នុងការជំរុញ ឱ្យការអប់រំមានដំណើរការជាធម្មតា ឡើងវិញផងដែរ៕

ដោយ៖ធី លីថូ

To Top