ព័ត៌មានជាតិ

២សប្ដាហ៍នេះ មានភ្ញៀវទេសចរ សម្រុកទៅកម្សាន្ត តាមរម្យនីយដ្ឋាននានា ជាង២៥ម៉ឺននាក់

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អះអាងថា ក្រោយស្ថានភាពជំងឺកូវីដ១៩ ធូរស្បើយឡើងវិញ គិតត្រឹម រយៈពេល២សប្ដាហ៍ ដើមខែឧសភានេះ ចលនាទេសចរក្នុងស្រុក បានបន្តកើនឡើងបណ្ដើរៗ វិញហើយ ជាក់ស្ដែងមានភ្ញៀវទេសចរ ប្រមាណជាង ២៥ ម៉ឺននាក់ បានចេញដើរទៅទស្សនាដើរកម្សាន្ត នៅទូទាំងប្រទេស ដែលមានការកើនឡើងជិត ៤៧% បើធៀបនឹងពីរសប្តាហ៍ចុងខែមុន ។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ លោកថោង ខុន បានថ្លែងថា “សម្រាប់រយៈ ពេលចាប់ពីថ្ងៃទី៤-១៧ខែឧសភា ឆ្នាំ២០២០ ភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានា ទូទាំងប្រទេស បានបន្តកើនឡើង គួរឲ្យកត់សម្គាល់ ដោយមានចំនួន សរុបប្រមាណ ២៥៦,៥៤១នាក់កើនឡើង ៤៦.៧៦ភាគរយធៀប នឹងពីរសប្តាហ៍ នៃចុងខែមេសាកន្លងមក” ។

លោកបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរ សរុបជាង ២៥ម៉ឺននាក់នោះ មានភ្ញៀវជាតិមានប្រមាណ ២៥៣,២៥៦ នាក់កើនឡើង ៤៦.៦៤ ភាគរយ និងភ្ញៀវបរទេសមានប្រមាណ ៤,២៨៥ នាក់កើនឡើង ៧.៤៧ ភាគរយ ។

លោករដ្ឋមន្រ្តីបន្ថែមថា ប្រជាពលរដ្ឋ និងទេសចរបរទេសផ្ទៃក្នុង ភាគច្រើនបានធ្វើដំណើរទៅកាន់តំបន់ អេកូទេសចរណ៍ នាភូមិភាគឦសាន ភាគនិរតី និងតំបន់ឆ្នេរ ពិសេសក្រុងព្រះសីហនុ ខេត្តកំពត និងខេត្តកែប ។

លើសពីនេះទៀត ចំពោះការកើនឡើង ចលនាទេសចរផ្ទៃក្នុងនេះ លោកបញ្ជាក់ថា ក្រសួងទេសចរណ៍ បានសហការជាមួយវិស័យឯកជន រៀបចំនូវវិធានការ (ស្ដង់ដាពិសេស) សម្រាប់សុវត្ថិភាព ទេសចរណ៍ ក្នុងនោះមានដូចជា ៖ ក្រមប្រតិបត្តិ គោលការណ៍ណែនាំ ចាំបាច់មួយចំនួនបន្ថែម ពីលើវិធានការសុវត្ថិភាព និងអនាម័យ ដែលបានដាក់ចេញ ដោយក្រសួងសុខាភិបាល ជាពិសេសការលក្ខខណ្ឌ តម្រូវចាំបាច់មួយចំនួន ចំពោះបុគ្គលិក ភ្ញៀវទេសចរ និងដៃគូសហប្រតិបត្តិការ តាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ដែលនឹងបញ្ចប់ក្នុង សប្តាហ៍ក្រោយនេះ ៕ ដោយ៖ធី លីថូ

To Top