ព័ត៌មានជាតិ

ក្រសួងការពារជាតិ ផ្ដាំផ្ញើនាយទាហាន ពលទាហាន ត្រូវប្រុងប្រយ័ត្ន កូវីដ-១៩

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិ និង ជាអគ្គលេខាធិការក្រសួងការពារជាតិ បានផ្តាំផ្ញើដល់ នាយទាហាន ពលទាហាន ត្រូវប្រុងប្រយ័ត្នកុំឲ្យឆ្លងជំងឺកូវីដ-១៩ ហើយត្រូវចេះធ្វើអនាម័យជាប់ជាប្រចាំ ដោយឧស្សាហ៍លាងដៃ និងសាប៊ូ។យោងតាមគេហទំព័ហ្វេសប៊ុក នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខា ឆ្នាំ២០១៩ និងបន្តបើកវគ្គបណ្តុះ បណ្តាល វគ្គការងាររដ្ឋបាល និងឋានលេខា ឆ្នាំ២០២០ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ លោក សំ វណ្ណថន រៀបរាប់ថា រយៈពេលប៉ុន្មានខែនេះ ពិភពលោករួមទាំងកម្ពុជាទទួលរងគ្រោះពីជំងឺ កូវីដ-១៩។

លោកបន្ដថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជា មានការឆ្លងជំងឺកូវីដ-១៩ តិចបំផុត និងបានព្យាបាលជាសះស្បើយជាទាំង ១២២នាក់ ប៉ុន្ដែក្រសួងសុខាភិបាល ក៏បានរកឃើញជំងឺកូវីដ-១៩ថ្មី ម្នាក់ទៀត ទើបមកពីក្រៅប្រទេស។

លោកមានប្រសាសន៍ថា «សូមផ្តាំផ្ញើដល់ នាយទាហាន ពលទាហាន រួមទាំង សិក្ខាកាមទាំងអស់ត្រូវមាន ការប្រុងប្រយ័ត្នក្នុងការការពារកុំឲ្យឆ្លងជំងឺ កូវីដ-១៩ ជាដាច់ខាត ត្រូវចេះធ្វើអនាម័យជាប់ជាប្រចាំ ដោយឧស្សាហ៍លាងដៃ និងសាប៊ូ ឬជែសលាងដៃ ឲ្យបានញឹកញាប់ និងជៀសវាងការជួបជុំគ្នាច្រើន ដែល បណ្តាលឲ្យមានការឆ្លងពីម្នាក់ទៅម្នាក់»៕ដោយ ៖ អេង ប៊ូឆេង

To Top