ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានសហការជាមួយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយអំពីការផ្តល់សេវាកម្ម និងអត្ថប្រយោជន៍ នៃការប្រើប្រាស់ របបសន្តិសុខសង្គម ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅសាលសន្និសីទ គ.ជ.ប ជាន់ទី១ ។
ឆ្លៀតក្នុងឱកាសនោះ លោក សុខ បូរ៉ា ប្រធានការិយាល័យ តាវកាលិក នៃ ប.ស.ស. បានធ្វើបទបង្ហាញ ស្ដីពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ ប័ណ្ណសមាជិក ប.ស.ស. និងតាវកាលិក ហានិភ័យការងារ ជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ដែលកំពុងបម្រើការ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីឱ្យពួកគាត់ ស្វែងយល់ពីផ្នែកហានិភ័យការងារ និងសេវាថែទាំសុខភាព នៅតាមមូលដ្ឋាន សុខាភិបាល ដែលបាន ចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស. ដោយឥតបង់ថ្លៃ រួមទាំងអត្ថប្រយោជន៍ ផ្សេងៗជាច្រើនទៀតដែល ប.ស.ស. បានផ្តល់ជូន។
គួរបញ្ជាក់ផងដែរថា៖ ពិធីផ្សព្វផ្សាយនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ម៉ុក ដារ៉ា អគ្តលេខាធិការរង គ.ជ.ប នឹងជាតំណាងដ៏ខ្ពង់ខ្ពស់ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រី តំណាងមន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធនានា នៃ គ.ជ.ប សរុបប្រមាណជាង ៧០នាក់។
គួររំលឹកផងដែរថា កន្លងមករាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា បានដាក់ចេញ នូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) ដែលក្របខ័ណ្ឌគោលនយោបាយនេះ គឺជាផែនទីបង្ហាញផ្លូវរយៈពេលវែង។ ប្រព័ន្ធគាំពារសង្គម ផ្តោតលើ សសរស្តម្ភ សំខាន់ៗ ចំនួនពីរគឺ៖ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ៕