កំពង់ចាម៖ ប្រជាពលរដ្ឋ ជួបការលំបាក, ចាស់ជរា, ជនពិការ ចំនួន ៦០ គ្រួសារ បានទទួលអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នាំយកទៅផ្ដល់ជូន ដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខា កាកបាទក្រហមកម្ពុជាខេត្ត អមដំណើរ ដោយក្រុមការងារ នាព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០ នៅសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ក្នុងការសំណេះសំណាល ជាមួយប្រជា ពលរដ្ឋ ប្រធានសាខា កាកបាទក្រហម ខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរ ដល់សុខទុក្ខ របស់ប្រជាពលរដ្ឋ ។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានបញ្ជាក់ថា ដោយមើលឃើញថា បងប្អូនប្រជាពលរដ្ឋ ជួបការខ្វះខាតក្នុងកំឡុងពេល ដែលប្រទេសជាតិ ជួបនូវវិបត្តិជំងឺឆ្លងកូវីដ ១៩ ហេតុដូច្នេះហើយទើបសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បាននាំអំណោយ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត យកមកផ្តល់ជូន ដល់បងប្អូនប្រជាពលរដ្ឋភ្លាមៗ ដើម្បីដោះស្រាយជីវភាព ក្នុងគ្រាលំបាកនេះ ។
លោកអភិបាលខេត្ត ក៏បានយកឱកាសនោះ ថ្លែងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមឱ្យបន្តថែទាំសុខភាព ដោយអនុវត្តតាមវិធីសាស្ត្រ របស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួន កុំឲ្យឆ្លងជំងឺកូវីដ១៩ ថ្វីដ្បិតតែជំងឺឆ្លងនេះ ក្នុងប្រទេសកម្ពុជាយើង បានថមថយ យ៉ាងណាក៏ដោយ ដរាបណាមិនទាន់មាន ថ្នាំវ៉ាក់សាំង ការពារគ្រប់គ្រាន់ទេនោះ សូមបងប្អូនប្រជាពលរដ្ឋ នៅតែបន្តការប្រុងប្រយ័ត្ន ជាប់ជានិច្ច ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូន ប្រជាពលរដ្ឋក្រីក្រ ទាំង ៦០គ្រួសារ ក្នុង១គ្រួសារ ៗ ទទួលបាន ៖ អង្ករ ២៥ គក្រ , ត្រីខ ១យួរ , ទឹកស៊ីអ៊ីវ ១យួរ , ទឹកត្រី ១យួរ, ម៉ាស់ ៥ បន្ទះ និងថវិកា ចំនួន ២០,០០០ រៀល ៕