ព័ត៌មានជាតិ

ទូតជប៉ុនសង្ឃឹមថា ពាណិជ្ជកម្ម កម្ពុជា-ជប៉ុន នឹងបន្ដកើនឡើងជាលំដាប់

ភ្នំពេញ ៖ លោក សាហ៊ីរ៉ូ មិកាមិ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំន ង ពាណិជ្ជកម្ម កម្ពុជា-ជប៉ុន នឹងបន្ដកើនឡើងជាលំដាប់ ។

តាមរយៈ វិដេអូឃ្លីប ដែលមានរយៈពេលជាង១នាទី បង្ហោះនៅក្នុងហ្វេសប៊ុក ស្ថានទូត ជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២០លោក សាហ៊ីរ៉ូ មិកាមិ បានឲ្យដឹងថា ផ្លែឈើ និងផលិត ផលផ្សេងៗទៀត របស់កម្ពុជា ទៅកាន់ប្រទេសជប៉ុន មានការកើនឡើងជា រៀងរាល់ឆ្នាំ។

លោករៀបរាប់ថា ផលិតផលចម្បងរបស់កម្ពុជា នាំចេញ ទៅជប៉ុន សំលៀកបំពាក់ ស្បែកជើង ជាដើម។ចំណែកផលិតផលសំខាន់ៗរបស់ជប៉ុន នាំចូលកម្ពុជាមកវិញ មានដូចជា គ្រឿងម៉ាស៊ីន របស់ផ្សេងៗទៀត។

លោក សាហ៊ីរ៉ូ មិកាមិ មានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថា ទំនាក់ទំនងពាណិជ្ជកម្មរវាង យើង ទាំងពីរ នឹងកាន់តែរីកចម្រើនកើនឡើងជាលំដាប់»។

សូមរំលឹកថា យោងតាមអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានបង្ហាញថា ក្នុងខែមករា ឆ្នាំ២០២០ កម្ពុជានាំចេញទំនិញ ទៅកាន់ជប៉ុន ក្នុងតម្លៃទឹកប្រាក់ សរុបប្រមាណ ជិត១៥០លានដុល្លារអាមេរិក កើនឡើងជាង៤ភាគរយ ធៀបនឹងឆ្នាំ ២០១៩ ខណៈជប៉ុន នាំចូលទំនិញមកកម្ពុជាវិញ មានទំហំទឹកប្រាក់ប្រមាណ ៣៣លានដុល្លារ៕
ដោយ ៖ អេង ប៊ូឆេង

To Top