ព័ត៌មានជាតិ

ក្រសួងការពារជាតិ ប្រតិកម្មចំពោះ ក្រុមឧទ្ទាមក្រៅច្បាប់ ដែលរិះគន់កម្ពុជា បំពាក់គ្រឿងឥស្សរិយយស ដល់មន្ត្រីយោធា ជំនាញ វេជ្ជសាស្ត្រចិន

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារ ជាតិ មានការសោកស្តាយចំពោះការរិះគន់ ដោយគ្មានសតិសម្បជញ្ញៈរបស់ ក្រុមឧទ្ទាម ក្រៅច្បាប់មួយចំនួន ដែលបានវាយប្រហារមកលើកិច្ចការមនុស្សធម៌ របស់ក្រសួងការពារជាតិ តាមរយៈការ បំពាក់មេដាយ ជាគ្រឿងឥស្សរិយយសដោយ ជូនដល់ មន្ត្រីយោធាជំនាញ វេជ្ជសាស្ត្រ ចិន ដែលបានមកជួយកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩។

តាមរយៈគេហំទព័រហ្វេសប៊ុកនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០លោក ឈុំ សុជាតិ  បញ្ជាក់ថា «មានការសោកស្តាយ និងខកចិត្តជាខ្លាំងចំពោះការរិះគន់ ដោយគ្មានសតិសម្បជញ្ញៈ របស់ ក្រុម ឧទ្ទាមក្រៅច្បាប់មួយចំនួន ដែលបានវាយប្រហារមកលើកិច្ចការមនុស្សធម៌ របស់ក្រសួង ការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបំពាក់មេដាយ ជាគ្រឿងឥស្សរិយយស ដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងនាម រាជរដ្ឋាភិបាលនៃរដ្ឋអធិបតេយ្យ ឯករាជ្យ ជូនដល់ មន្ត្រីយោធាជំនាញវេជ្ជសាស្ត្រ នៃសា ធារណរដ្ឋប្រជាមានិតចិន ដែលបានមកជួយកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។

លោកបន្ដថា ការរិះគន់នេះ មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៃស្ថានភាពដែលកម្ពុជា ក៏ដូចជាប្រទេសជាច្រើន នៅលើពិភពលោក បាននិងកំពុងប្រឈមមុខនឹង ការរីករាលដាលឆ្លងជំងឺកូវីដ១៩ រាប់លាននាក់ និងមានមនុស្សស្លាប់រាប់សែននាក់។ ដូចនេះ ការទទួលជំនួយជាសម្ភារៈពេទ្យ ដើម្បីទប់ស្កាត់ ប្រឆាំងជំងឺកូវីដ១៩ គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ និងក៏បង្ហាញនូវ កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ និងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកផងដែរ។

លោកបន្ថែមថា ការបំពាក់មេដាយកិត្តិយសដល់សប្បុរសជន មិនថាជូនដល់ជនរួមជាតិកម្ពុជា ឬជូនទៅជនបរទេស គឺជាកាយវិការមនុស្សធម៌ បង្ហាញនូវសាមគ្គីភាព ការលើកទឹកចិត្តប្រកប ដោយគុណធម៌ ឆ្លើយតបទៅនឹងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាបញ្ហា ប្រឈម របស់សកលលោក។

លោកបន្ថែមថា ផ្ទុយទៅវិញ ការរិះគន់ វាយប្រហារក្នុងចេតនាបន្ទុចបង្អាក់ សកម្មភាព មនុស្សធម៌ គឺជាសារជាតិរបស់ក្រុមប្រឆាំង ដែលមិនត្រឹមតែមិនបាន ផ្តល់នូវប្រយោជន៍ សម្រាប់បម្រើប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវឥរិយាបថ បំផ្លាញកិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចសហការល្អ និងការទំនាក់ទំនងជា អន្តរជាតិ និងក៏ជាចេតនាទុច្ចរិតមិនឱ្យតម្លៃអាយុជីវិតរបស់ពលរដ្ឋកម្ពុជា ខណៈដែលសិទ្ធិរស់រាន មានជីវិតត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ហើយដែលប្រជាជនកម្ពុជា គួរតែមានមោទនភាព ខណៈដែលមានប្រទេសជាមិត្តជួយឧបត្ថមគាំទ្រ។

សូមរំលឹកថា សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី២២ ឧសភា ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់មេដាយនិងថ្លែងអំណរគុណដល់ក្រុមវេជ្ជសាស្ត្រយោធាចិនដែលបានបញ្ចប់បេសកកម្មចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជាដោយកម្មវិធីនេះបានប្រព្រឹត្តិទៅនាទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ៕ដោយ ៖ អេង ប៊ូឆេង

To Top