ព័ត៌មានជាតិ

ជំងឺចាស់រើឡើងវិញ នៅទីក្រុងហុងកុង ប្រឆាំងនឹងច្បាប់សន្តិសុខជាតិ របស់ចិនដីគោក

បច្ចុប្បន្នភាព

ក្រុមបាតុកររាប់រយនាក់ បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវនានានៅភាគកណ្តាលនៃទីក្រុង ហុងកុង កាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភានេះ ក្នុងការតវ៉ាប្រឆាំងនឹងពង្រាងច្បាប់សន្តិសុខជាតិរបស់ប្រទេសចិន ដែលគ្រោងនឹងដាក់ទៅលើទីក្រុងនេះនៅពេលខាងមុខ ។

យុវជន ចូហ្ស៊ូ វ៉ុង (Joshua Wong) ដែលជាសកម្មជនប្រជាធិបតេយ្យដ៏ល្បីល្បាយនៅទីក្រុង ហុងកុង បានថ្លែងថា ទីក្រុងប៉េកាំងកំពុងព្យាយាមបំបិទសម្លេងប្រជាធិបតេយ្យនៅហុងកុង តាមរយៈការដាក់ច្បាប់សន្តិសុខជាតិលើទីក្រុងនេះ និងជាការបិទបញ្ចប់នូវនយោបាយប្រទេសមួយប្រព័ន្ធដឹកនាំ២ ដែលប្រជាពលរដ្ឋនៅទីក្រុងហុងកុង ត្រូវតែចេញមុខប្រឆាំរហូតដល់ទីបញ្ចប់ ដោយមិនញញើតរដ្ឋាភិបាលទីក្រុងប៉េកាំង ។

សូមរំលឹកជូនថា កាលពីចន្លោះខែមិថុនាដល់ខែធ្នូចុងឆ្នាំ២០១៩កន្លងទៅ ប្រជាពលរដ្ឋនៅទីក្រុងហុងកុង បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវជារៀងរាល់ថ្ងៃអស់រយៈពេលជាង៧ខែ ដើម្បីតវ៉ាប្រឆាំងនឹងសំណើរច្បាប់របស់រដ្ឋាភិបាលចិនដីគោក ដែលស្នើអោយធ្វើបត្យាប័នជនសង្ស័យពីទីក្រុងហុងកុង ទៅកាត់ទោសនៅទីក្រុងប៉េកាំង ។

ដោយសារតែក្រុមបាតុករបានធ្វើបាតុកម្មអូសបន្លាយដល់ជាង៧ខែនោះ លោកស្រី ខារី ឡាំ (Carrie Lam) ប្រមុខដឹកនាំកំពូលទីក្រុងហុងកុង បានសម្រេចលុបចោលទាំងស្រុងនូវសំណើច្បាប់របស់រដ្ឋាភិបាលចិន ប៉ុន្តែក្បួនបាតុកម្មនៅតែមិនទាន់ឈប់ រហូតដល់ចុងខែធ្នូ ទើបក្បួនបាតុកម្មត្រូវចប់ ដោយសារវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសCovid-19 ។

អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយនៅអាស៊ី បានប៉ាន់ប្រមាណថា ក្បួនបាតុកម្មនៅទីក្រុងហុងកុង អាចនឹងផ្ទុះឡើងក្នុងទ្រង់ទ្រាយធំជាងកាលពីឆ្នាំ២០១៩ទៅទៀត ប្រសិនបើទីក្រុងប៉េកាំង នឹងសម្រេចដាក់បញ្ចូលច្បាប់សន្តិសុខថ្មីនៅទីក្រុងហុងកុង ទៅតាមគម្រោងរបស់ខ្លួនមែននោះ ហើយអំពើហិង្សា និងការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ អាចនឹងកើតមានជាញឹកញាប់នៅទីក្រុងមួយនេះ ។  

ដើមចមនាំអោយកើតរឿង

ពង្រាងច្បាប់សន្តិសុខជាតិរបស់រដ្ឋាភិបាលចិន ដែលគ្រោងនឹងដាក់ទៅលើទីក្រុងហុងកុងនៅពេលខាងមុខនេះ នឹងត្រូវបានចែងអំពីការហាមឃាតមិនអោយមានអំពើអប្បគមន៍ ឬការផ្តាច់ខ្លួន រារាំងមិនអោយមានការជ្រៀងជ្រែក ឬលូកដៃចូលពីបរទេស និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយម ដែលត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង (Li keqiang) នៅក្នុងសមាជសភាប្រជាជនចិន ដែលត្រូវបានរៀងចំឡើងនៅទីក្រុងប៉េកាំង ចាប់តាំងពីថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០នេះ ។

ច្បាប់សន្តិសុខជាតិចិន ដែលគ្រោងនឹងដាក់ទៅលើទីក្រុងហុងកុងនេះ នៅមិនទាន់ចេញជាផ្លូវការនៅឡើយទេ ដោយសារសមាជសភាប្រជាជនចិន គ្រាន់តែបានសម្រេចអោយចាប់ផ្តើមតាក់តែងក្រោយពីសមាជចប់ និងអាចតាក់តែងចប់រួចរាល់នៅចុងខែឧសភានេះ និងត្រូវបានប្រកាសដាក់អោយអនុវត្តនៅទីក្រុងហុងកុងនៅខែមិថុនាខាងមុខ ។  

សន្និដ្ឋាន៖ តើអាចនឹងមានរឿងអ្វីកើតឡើង ក្រោយពេលចិនដាក់ច្បាប់សន្តិសុខជាតិលើទីក្រុងហុងកុង ?

          លោកស្រី សូភី រីឆាដសូ (Sophie Richardso) តំណាងអង្គការ យូមែន រ៉ាយ​ វ៉ច (Human Rights Watch) បានសន្និដ្ឋានថា ប្រសិនបើទីក្រុងប៉េកាំង ដាក់អោយអនុវត្តនូវច្បាប់សន្តិសុខជាតិនៅទីក្រុងហុងកុងដូចការគ្រោងទុកមែន ក្បួនបាតុកម្មទ្រង់ទ្រាយធំអាចនឹងកើតមានឡើងនៅទីក្រុងនេះដោយចៀសមិនរួចទេ ហើយអំពើហិង្សាក៏អាចនឹងកើតឡើងដោយចៀសមិនរួចដែរ ។

          លោកស្រី សូភី រីឆាដសូ បានទាញហេតុផលថា ក្រុមបាតុករនៅទីក្រុងហុងកុង បានចេញធ្វើបាតុកម្មរួចជាស្រេចទៅហើយ កាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភានេះ ដោយគ្រាន់តែទទួលបានសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង ដែលប្រកាសអំពីគម្រោងដាក់ច្បាប់សន្តិសុខជាតិនៅទៅលើទីក្រុងហុងកុង ដោយមិនទាន់ទាំងបានតាក់តែង ឬមិនទាន់ទាំងបានដាក់អោយអនុវត្តនៅហុងកុងផង ដែលនេះជាហេតុផលសំខាន់ដែលនាំអោយគេមើលឃើញថា ក្បួនបាតុកម្មប្រឆាំងច្បាប់សន្តិសុខជាតិនឹងអាចផ្ទុះឡើង ។

ផលប៉ះពាល់

          ប្រសិនបើរដ្ឋាភិបាលកណ្តាលរបស់ប្រទេសចិន បានដាក់អោយអនុវត្តច្បាប់សន្តិសុខជាតិនៅទីក្រុងហុងកុងដូចការគ្រោងទុក  ហើយប្រជាពលរដ្ឋនៅទីក្រុងនេះ បានចេញធ្វើបាតុកម្មប្រឆាំងច្បាប់នេះដូចការគម្រាម នោះផលប៉ះពាល់សំខាន់២យ៉ាង នឹងអាចកើតឡើងដោយចៀសមិនរួចនៅទីក្រុងហុងកុងនៅពេលខាងមុខ ។

          ទី០១ គឺផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដែលទីក្រុងនេះអាចនឹងបាត់បង់កិត្យានុភាពជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅតំបន់អាស៊ី និងពិភពលោក ដោយសារតែកំណើនសេដ្ឋកិច្ចរួញចុះទៅក្នុងកម្រិតទាប ខណៈដែលកំណើនសេដ្ឋកិច្ចនៅទីក្រុងនេះ បានទទួលរងនូវផលប៉ះពាល់រួចជាស្រេចទៅហើយ ដោយសារក្បួនបាតុកម្មរយៈពេលជាង៧ខែកាលពីឆ្នាំ២០១៩កន្លងទៅ និងផលប៉ះពាល់សេដ្ឋកិច្ចដោយសារការឆ្លងរាលដាលនៃវីរុសCovid-19 ។

          ទី០២ ផលប៉ះពាល់ផ្នែកសុខភាព ដោយសារការផ្ទុះឡើងនូវរលកទីពីរនៃការឆ្លងរាលដាលនៃវីរុសCovid-19 ដោយចៀសមិនរួច ខណៈដែលក្រុមប្រជាបាតុករបានចេញទៅប្រមូលផ្តុំគ្នាក្នុងការធ្វើបាតុកម្ម ដែលជាឱកាសនៃការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមមួយនេះ ៕ដោយ: អ៊ី ជិន

To Top