ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា១ លានដុល្លារ ជូនមូលនិធិគន្ធបុប្ផា

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា បានប្រគល់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ២០២០ ចំនួន ១ លានដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី២៥ ឧសភា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូល និធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណ ចំពោះកាក បាទក្រហមដែលប្រគល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០២០ ចំនួន ១ លានដុល្លារ ជូនក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលប្រគល់បន្តដល់មន្ទីរពេទ្យគន្ធបុប្ផា។

លោករៀបរាប់ថា មូលនិធិគន្ធបុប្ផាកម្ពុជា ដាក់ឲ្យដំណើរការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។លោកថា ផលប៉ះពាល់ដែល បាននិងកំពុងកើតមានឡើង ដោយសារការរាតត្បាតនៃជំងឺ កូវីដ-១៩ ដូចជាថយចុះនៃទំហំបរិច្ចាគ ពីសំណាក់សប្បុរសជននានា ជាពិសេសផលប៉ះពាល់ដោយសារការធ្លាក់ចុះ នៃភ្ញៀវទេសចរណ៍អន្តរជាតិ នៅខេត្តសៀមរាបដែលធ្វើឲ្យការឧបត្ថម្ភប្រចាំត្រីមាស របស់គ្រឹះស្ថានអង្គរជូនមូលនិធិពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ មានការថយចុះ។

ចំណែកលោកស្រី អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា បានលើកឡើងពីសកម្មភាព សប្បុរសធម៌របស់កាកបាទក្រហមកម្ពុជាដែលបានចុះជួយដល់បណ្តាប្រជាជនរងគ្រោះ និងមានការខ្វះខាតផ្នែកជីវភាពរស់នៅ ជាពិសេសក្នុងខណៈដែលជំងឺកូវីដ-១៩ បាននិងកំពុងរាតត្បាត ។ ក្នុងនោះក៏បន្តជួយឧបត្ថម្ភថវិកាប្រចាំឆ្នាំជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្រ្គោះជីវិតកុមារនៅកម្ពុជាផងដែរ ៕ 

ដោយ ៖ អេង ប៊ូឆេង

To Top