ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការព្រមានជាចុងក្រោយ ដល់ស្នងការ គ្រប់រាជធានី-ខេត្ត ទាំងអស់ មិនត្រូវដាក់បារ៉ាស់ ដើម្បីស្ទាក់ចាប់ រថយន្តគេបន្តទៀត នោះទេ ខណៈរថយន្ត កំពុងធ្វើចរាចរណ៍ធម្មតា ដោយពុំមានខុស នឹងបទល្មើសច្បាប់ចរាចរណ៍ ហើយត្រូវដកបារ៉ាស់ឲ្យអស់ ត្រឹមថ្ងៃទី២៦ ឧសភា នេះ ។
ការព្រមានរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរខ្លះ មានការថ្នាំងថ្នាក់ចំពោះ នឹងនគរបាលចរាចរណ៍មួយចំនួន បានដាក់បារ៉ាស់ នៅតាមផ្លូវដោយចាំស្ទាក់ចាប់ រថយន្តធ្វើដំណើរតាមផ្លូវ ដោយយកលេសរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈរថយន្តទាំងនោះ កំពុងធ្វើការបើកបរធម្មតា នៅតាមដងផ្លូវនោះ ។
នាយឧត្តមសេនីយ៍ នេត សាវឿន មានប្រសាសន៍ នៅក្នុងតេឡេក្រាម នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ថា «និយាយគ្នាឡើងវិញចុងក្រោយ ទី១ ឈប់បារ៉ាស់ នៅតាមដងផ្លូវ ចេះការពារ ខ្លួនឯងយ៉ាងម៉េច? ធ្វើខ្លួនឯង ឈប់បារ៉ាស់ ។ ទី២ បាននិយាយច្បាស់ជាមួយគ្នាហើយថា ទាល់តែ ល្មើសបានយើងហៅគេ មិនមែនហៅគេពិនិត្យទេ ទើបល្មើសបានយើងហៅគេ» ។
នាយឧត្តមសេនីយ៍ បន្ដថា «ឥឡូវបងប្អូនយើង រាយការណ៍ថា កំពង់ចាម ត្បូងឃុំ មណ្ឌលគិរី អាឡានគេគ្មានល្មើស ក៏ហៅគេមើល ហើយបានឲ្យគេទៅចូល បារ៉ាស់សិន ។ ឥឡូវហ្នឹងម៉ោងនឹង ដកបារ៉ាស់ឲ្យអស់ គ្រប់ផ្លូវជាតិទាំងអស់ គ្រប់ខេត្ត» ។
នាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើទៅ គ្រប់ស្នងការ រាជធានី-ខេត្ត ទាំងអស់ត្រូវមើលកន្លែងណាដាក់បារ៉ាស់ ទៀត ត្រូវមានការទទួខុសត្រូវ និងទទួលចំពោះមុខ ច្បាប់ផងដែរ។ នាយឧត្តមសេនីយ៍ បញ្ជាក់ថា ឈប់ដាក់ បារ៉ាស់តាមផ្លូវ និងមិនត្រូវហៅឡានគ្មានល្មើស នាំសួរឡើយ។
សូមរំលឹកថា រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ខណៈកាលពីឆ្នាំ២០១៩ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឲ្យមនុស្សជិតពីរពាន់នាក់ បានស្លាប់ និងរាប់ម៉ឺននាក់ បានរងរបួសធ្ងន់–ស្រាល៕
ដោយ ៖ អេង ប៊ូឆេង