ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានប្រតិកម្ម ជាមួយអតីតមន្ដ្រីគណបក្ស ប្រឆាំងនៅក្រៅប្រទេស ស្នើឲ្យរាជរដ្ឋាភិបាល ផ្អាកសងបំណុល ធនាគារ រយៈពេល៣ខែ សម្រាប់ប្រជាពលរដ្ឋ ។ លោក ផៃ ស៊ីផាន ចាត់ទុកសម្ដីក្រុមប្រឆាំង បែបនេះហាក់បីដូចជាមើលស្រាល រាជរដ្ឋាភិបាល មិនយកចិត្តទុកដាក់ ចំពោះពលរដ្ឋខ្មែរ ។
ប្រតិកម្មរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីវិទ្យុ អាស៊ីសេរី កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានចេញផ្សាយថា អតីតមន្ដ្រីបក្សប្រឆាំង នៅក្រៅប្រទេស បានទទូចឲ្យ រាជរដ្ឋាភិបាល ចាត់វិធានការឲ្យមានប្រសិទ្ធិភាព ក្នុងការពន្យាពេល ឬផ្អាកការសងបំណុល របស់ប្រជាពលរដ្ឋខ្មែរ រយៈពេលយ៉ាងតិច ៣ខែ ទៅមុខទៀត ខណៈពលរដ្ឋខ្មែរ រាប់លាននាក់ កំពុងជួបទុក្ខលំបាកផ្នែកជីវភាព ដោយសារជំងឺ កូវីដ-១៩ ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ខេត្ដព្រះវិហារ» លោក ផៃ ស៊ីផាន បានថ្លែងថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ ប្រជាពលរដ្ឋគ្រប់វិនាទី។
លោក មានប្រសាសន៍ថា «ការលើកឡើងរបស់ សង្គមស៊ីវិល ហើយនឹងគណបក្សមួយចំនួន រាប់ទាំងគណបក្សខ្មោចផងដែរ ហាក់បីដូចជា ប្រើប្រាស់វហាសព្ទ របស់នយោបាយ បានយល់ឃើញថា រាជរដ្ឋាភិបាល មិនយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ នៅក្នុងករណី វិបត្តិជំងឺ កូវីដ-១៩ នេះឯង»។
លោករំលឹកថា ដើម្បីទប់ស្កាត់រីករាលដាលជំងឺ កូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំ និងអនុវត្តវិធានការមួយចំនួន ដើម្បីផ្ដល់ ជួយប្រជាជនកម្ពុជាទាំងអស់ ដែលរងផលប៉ះពាល់ ជីវិភាពរស់នៅ ជាពិសេស គ្រួសារក្រីក្រ និងគ្រួសារទទួលរងប៉ះពាល់ខ្លាំងជាងគេ។
លោកបន្ដថា រាជរដ្ឋាភិបាល សម្រេចឧបត្ថម្ភគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌។
នាពេលថ្មីៗនេះ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹក ទៅ ដល់ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយ អតិថិជន ប្រកបដោយភាពទន់ភ្លន់ និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំ របស់ ធនាគារជាតិ៕ដោយ ៖ អេង ប៊ូឆេង