ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹង បន្ដជួយគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ សុខភាពសាធារណៈ ។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ លោក Patrick Murphy មានប្រសាសន៍ថា « ចំពោះសុខភាពសាធារណៈ សហរដ្ឋអាមេរិក នៅតែ បន្ដជួយ គាំទ្រដល់កម្ពុជា នៅក្នុងការលើកកម្ពស់ សុខភាពសាធារណៈនៅកម្ពុជា។ ជាពិសេស ថ្មីៗនេះរដ្ឋាភិបាល អាមេរិក បានផ្ដល់ជំនួយមួយចំនួនគាំពារ និងគាំទ្រសុខភាពសាធារណៈ»។
លោក ក៏បានរៀបរាប់ថា ជំនួយសុខភាពសាធារណៈផ្ដល់ជូនតាមរយៈ ទីភ្នាក់ងាររបស់សហរដ្ឋ អាមេរិកមួយចំនួន និងទីភ្នាក់ងារផ្សេងៗទៀត។
ឆ្លៀតឱកាសនោះ ឯកអគ្គរដ្ឋទូតអាមេរិក ក៏បានស្នើដល់អាជ្ញាធរ មានសមត្ថកិច្ចរបស់កម្ពុជា ក្នុងការជួយធ្វើយ៉ាងម៉េច ស្វែងរកការចាប់ខ្លួន ឧក្រិដ្ឋជនមួយរូបដែលបាន ធ្វើឃាតទៅលើ ប្រជាពលរដ្ឋអាមេរិកមួយរូប នៅលើកោះរុង កាលពីឆ្នាំ២០១៣កន្លងទៅ ដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់។
ជាការឆ្លើយតបចំពោះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក តែងតែយកចិត្តទុកដាក់ជាមួយកម្ពុជា ហើយទោះបី នៅក្នុងស្ថានការណ៍រីកសាយ និងរីករាលនៃជំងឺកូវីដ-១៩ ក៏សហរដ្ឋអាមេរិក នៅតែបន្ដជួយឧត្ថម្ភគាំទ្រ ដល់បណ្ដាប្រទេសមួយចំនួន នៅក្នុងអាស៊ី រួមទាំងប្រទេសកម្ពុជាផងដែរ។
សម្ដេចក៏បានឯកភាព ចំពោះការលើកឡើង របស់ឯកអគ្គរដ្ឋទូតអាមេរិក ចំពោះការទំនាក់ ទំនងរវាងកម្លាំង អនុវត្តច្បាប់នៃប្រទេសទាំងពីរ ជាពិសេសនៅក្នុង ក្របខណ្ខក្រសួងមហាផ្ទៃ មានកម្លាំងនគរបាលជាតិ SBI។ ហើយ សម្ដេចក៏បានទទួលយក សំណូមពររបស់ ឯកអគ្គរដ្ឋ ទូតអាមេរិក បន្ដស្វែងរកចាប់ខ្លួនជនល្មើស ដែលបានរត់គេចខ្លួនចេញពីកម្ពុជា ដើម្បីយកមក ដាក់ទោសតាមផ្លូវច្បាប់ ដែលពាក់ព័ន្ធទៅនឹងការធ្វើឃាត់ ខ្លួនទៅលើជនជាតិអាមេរិក នៅលើកោះរុង នាពេលកន្លងទៅនេះ។
ចំណែក ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានលើកឡើងថា ក្រោយពីទទួលបានដំណឹង ពីការ ដឹក នាំរបស់ក្រសួងមហាផ្ទៃ ក្នុងការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពី ការប្រឆាំងបទ ល្មើសបច្ចេកវិទ្យា សហរដ្ឋអាមេរិកមានបំណង រួមចំណែកគាំទ្រដល់កិច្ចការងារនេះ តាមរយៈការរៀបចំ ឲ្យមានការពិគ្រោះយោបល់ផ្សេងៗ ទៅលើសេចក្ដីព្រាងច្បាប់នេះ។
ជាការឆ្លើយតប រដ្ឋមន្ដ្រីមហាផ្ទៃ ថា គំនិតផ្ដួចផ្ដើមរបស់អាមេរិក ក្នុងការជួយគាំទ្រដល់ ការបង្កើត ច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យា ពិតជាមានសារសំខាន់សម្រាប់កម្ពុជា ហើយសម្ដេចបានធ្វើការស្វាគមន៍ និងគាំទ្រចំពោះចំណុចផ្ដួចផ្ដើមនេះ៕
ដោយ ៖ អេង ប៊ូឆេង