ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ស្នើសមត្ថកិច្ច តាមខេត្តជាប់ព្រំដែន ខិតខំទប់ស្កាត់ ការលួចធ្វើដំណើរ ឆ្លងកាត់ព្រំដែន (វីដេអូ)

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) បានស្នើដល់សមត្ថកិច្ច នៅតាមបណ្តាខេត្តជាប់ព្រំដែន ត្រូវធ្វើយ៉ាងណាខិតខំទប់ស្កាត់ ឱ្យបាននូវការលួចធ្វើដំណើរ ឆ្លងកាត់ព្រំដែន ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍ជាតិ ការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ (គ.ជ.ប.ជ) នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «បច្ចុប្បន្ននេះ បើទោះ បីជាយើងបានបិទ ច្រកចេញ-ចូលផ្លូវការ រួចហើយក៏ដោយ ក៏មានពលរដ្ឋមួយចំនួន នៅតែចេញ-ចូល នៅតាមច្រករបៀង ដូចនេះសមត្ថកិច្ចនៅ តាមបណ្តាខេត្ត ត្រូវយកចិត្តទុកដាក់បន្ថែម» ។

សម្ដេចក្រឡាហោម បន្ដថា ប្រទេសថៃនាពេលនេះ កំពុងតែដាក់ប្រទេសនៅក្នុងភាពអាសន្ន នៅ ឡើយ ហេតុនេះហើយការលួចឆ្លងដែន គឺខុសច្បាប់ទាំងស្រុង ទាំងអ្នកទៅ ក៏ខុស អ្នកនាំ ទៅក៏ខុសច្បាប់ ដូចគ្នា ផងដែរ ។

សម្ដេចក្រឡាហោមបញ្ជាក់ថា «ស្នើទៅដល់សមត្ថកិច្ចទាំងអស់ ទាំងរដ្ឋបាលដែនដី កម្លាំងកង យុទ្ធពល ខេមរភូមិន្ទ កម្លាំងនគរបាលជាតិ និងសមត្ថកិច្ចដទៃទៀត ដែលមានការពាក់ ព័ន្ធត្រូវរួមគ្នា ទប់ស្កាត់ដើម្បីកុំឱ្យមានការលួចឆ្លងកាត់ខុសច្បាប់ ទៅក្រៅប្រទេស ជាពិសេសប្រទេសថៃ» ។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីមហាផ្ទៃ លើកឡើងថា ក្នុងរយៈពេលពី២ខែចុងក្រោយនេះ ចំនួនពលករវិលត្រឡប់មកកម្ពុជា វិញមានរហូតទៅដល់ជាង៩ម៉ឺននាក់។ ហើយ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានខេត្តក្រុង ស្រុកជាប់ព្រំដែន មន្ទីរសុខាភិបាល នៃបណ្តាខេត្តពាក់ព័ន្ធ បានត្រៀមលក្ខណៈ ដើម្បីការពារការឆ្លង និងចម្លងជំងឺកូវីដ១៩ ទៅសហគមន៍របស់ខ្លួន៕

រដ្ឋមន្ដ្រីមហាផ្ទៃ ស្នើសមត្ថកិច្ច តាមខេត្តជាប់ព្រំដែន ខិតខំទប់ស្កាត់

រដ្ឋមន្ដ្រីមហាផ្ទៃ ស្នើសមត្ថកិច្ច តាមខេត្តជាប់ព្រំដែន ខិតខំទប់ស្កាត់ ការលួចធ្វើដំណើរ ឆ្លងកាត់ព្រំដែនhttps://dap-news.com/national/2020/05/27/57200/

បាន​បង្ហោះ​ដោយ Dap News Website នៅ ពុធ 27 ឧសភា 2020

ដោយ៖ អេង ប៊ូឆេង

To Top