ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេ ខាធិការនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើឲ្យប្រទេសហត្ថលេខី មហាអនុតំបន់ទន្លេមេគង្គទាំងអស់ បន្តអនុវត្តផែនការសកម្មភាព ត្រួតពិនិត្យគ្រឿងញៀន អនុតំបន់ទី១១។
ក្នុងពិធីបើកកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញ មន្រ្តីសម្របសម្រួល ប្រទេសហត្ថលេខី អនុស្សារណ: នៃការយោគយល់គ្នា (MOU) ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្នុងមហាអនុតំបន់ ទន្លេមេគង្គ ដែលមាន កម្ពុជា ចិន ភូមា ឡាវ ថៃ វៀតណាម និងអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក មាស វិរិទ្ធ បានឲ្យដឹងថា ដោយសារបញ្ហា កូវីដ-១៩ ភាគីពាក់ព័ន្ធពុំទាន់អនុវត្តន៍ បាននូវផែនការ សកម្មភាពត្រួតពិនិត្យ គ្រឿងញៀនអនុតំបន់ទី១១។
លោកមានប្រសាសន៍ថា «ដោយសារបញ្ហា កូវីដ-១៩ យើងពុំទាន់អនុវត្តន៍បាន នូវផែនការសកម្មភាព ត្រួតពិនិត្យគ្រឿងញៀន អនុតំបន់ទី១១ ក្រោមការជួយឧបត្ថម្ភរបស់ អង្គការUNODCឡើយ និងសុំស្នើអង្គប្រជុំរបស់យើង ជជែកពិភាក្សាគ្នារកឲ្យឃើញ នូវដំណោះស្រាយសមស្របណាមួយ ដើម្បីអនុវត្តន៍ផែនការ សកម្មភាពអនុតំបន់នេះ ឈានទៅឆ្លើយតប ឲ្យបានទៅនឹងការគំរាមកំហែង ដោយគ្រឿងញៀនបច្ចុប្បន្ននេះ»។
លោកបន្ដថា ស្របពេលដែលមានបញ្ហាជំងឺ Covid-19 កិច្ចសហប្រតិបត្តិការគ្នា ទាំងក្នុងតំបន់ និងលើសកលលោក មានការធ្លាក់ចុះបានធ្វើឲ្យ ក្រុមឧក្រិដ្ឋជនអន្តរជាតិ ដែលមានអង្គការ ចាត់តាំងបាន បង្កើនការឃុបឃិត ជាមួយពួកឧក្រិដ្ឋគ្រឿងញៀន ក្នុងស្រុកធ្វើសកម្មភាព ល្មើសច្បាប់កាន់តែសកម្ម និងខ្លាំងក្លាជាងមុន ដែលបាននិងកំពុង ក្លាយជាឧបសគ្គរារាំង ក្នុងការអនុវត្តផែនការអនុតំបន់ ដែលរៀបចំដោយអង្គការUNODC។
កម្ពុជាបានចូលរួម សកម្មភាពជាមួយតំបន់ និងសាកលលោក ខិតខំប្រឹងប្រែងបង្ការទប់ស្កាត់ ដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ នូវយុទ្ធសាស្រ្ត ពហុវិស័យ ស្តីពី ការងារត្រួតពិនិត្យគ្រឿងញៀន និងបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស ក្នុងឆ្នាំ២០១៩ បង្រ្កាបបានបទល្មេី សគ្រឿងញៀន ចំនួន៩៨០៦ករណី ឃាត់ខ្លួនជនសង្ស័យ បាន២០.៤៩០នាក់ ចាប់យកគ្រឿងញៀនគ្រប់ ប្រភេទបាន៧៥០គីឡូក្រាម៕
ដោយ៖ អេង ប៊ូឆេង