Covid-19

សម្ដេចតេជោ ឲ្យពលរដ្ឋប្រុងប្រយ័ត្នរលកទី២ នៃការរាត្បាតជំងឺកូវីដ១៩ ខណៈនៅមិនទាន់មាន ថ្នាំព្យាបាលជំងឺនេះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នរលកទី២ នៃការឆ្ងងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈអ្នកឆ្លងជំងឺនេះនៅលើពិភពលោក កើនដល់ជាង ៥លាននាក់ និងស្លាប់ជាង ៣០ម៉ឺននាក់ ជាពិសេសមិនទាន់មាន ថ្នាំព្យាបាលនៅឡើយ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ឧសភានេះថា សូមប្រុងប្រយ័ត្នរលកទី២ នៃការរាត្បតជំងឺឆ្លងកូវីដ១៩ ។ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការថែរក្សាអនាម័យសុខភាព អាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់ នៅក្នុងក្រុមគ្រួសារ កុំអោយឆ្លងមេរោគកូវីដ១៩ អោយសោះ។

សម្ដេចតេជោ បញ្ជាក់ថា «សូមកុំអោយមានវិប្បដិសារី កើតឡើងព្រោះតែការធ្វេសប្រហែស មើលស្រាលចំពោះស្ថានការណ៍បច្ចុប្ប្នន្ន​។ ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេស យើងមានតិចមែន តែយើងត្រូវបង្កើនការ យកចិត្តទុកដាក់ខ្ពស់ នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២ នៃការងើបឡើងវិញនៃ ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដ៏កាចសាហាវបំផុតនេះ» ។

សម្ដេចបន្ថែមថា មកទល់ថ្ងៃនេះ​ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ចំនួនអ្នកឆ្លងក្នុងប្រទេស ២១៧ ដែលមានអ្នកឆ្លងរោគបានកើនឡើងជាង ៥លាននាក់ (៥.៤៩១.៦៧៨នាក់) ស្លាប់ជាង ៣០ម៉ឺននាក់ ក្នុងនោះកម្ពុជាក៏មានអ្នកឆ្លងថ្មី ២នាក់ផងដែរ។ មកទល់ពេលនេះ​ ក៏មិនទាន់មានថ្នាំព្យាបាលកូវីដ១៩ នៅឡើយទេ។

សម្ដេចតេជោ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវតែពាក់ម៉ាស់ ហើយត្រូវដុសលាងសម្អាតដៃ ជាប្រចាំដោយទឹកអាល់កុល ឬចឹលសម្លាប់មេរោគ។ ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស ឬខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាស​ ជាពិសេសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម។

សម្ដេច ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវបន្តស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាលគ្រប់ពេល។ ហើយបើមានចម្ងល់ឬការសង្ស័យណាមួយ សូមទូរស័ព្វទៅលេខ ១១៥ ជាបន្ទាន់។ យើងទាំងអស់គ្នា​ ក៏ត្រូវបន្តចូលរួមទប់ស្កាត់ការ រឆ្លងរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ នៅទូទាំងប្រទេស ៕

To Top