ព័ត៌មានជាតិ

ធនាគារជាតិ នៃកម្ពុជា បញ្ជាក់ថា ក្រដាសប្រាក់១$ ២$ និង៥$ នៅតែ អាចចរាចរ លើទីផ្សារ បានធម្មតា

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅតែចរាចរនៅលើទីផ្សារបានធម្មតា មិនមានការហាមឃាត់នោះទេ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ស្ដីពីកិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រឈម នៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅកម្ពុជា នាថ្ងៃទី២៨ ឧសភានេះ បានឲ្យដឹងថា ដោយពិនិត្យឃើញថា ទាំងក្នុងឃ្លាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ដែលនេះសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះ មានកម្រិតទាបក្នុងទីផ្សារ អង្គប្រជុំបានឯកភាពដាក់ចេញ នូវវិធានការមួយចំនួនដូចខាងក្រោម៖

-ធនាគារជាតិនៃកម្ពុជា នឹងផ្តល់ពេលវេលាចំនួន៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា ។

-បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា នឹងផ្ទេរការចំណាយដឹកជញ្ជូនចេញ ទៅក្រៅប្រទេសលើក្រដាស ប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០$ ឡើងទៅ គឺមិនមានកម្រៃសេវាទេ ។

-ធនាគារជាតិនៃកម្ពុជា នឹងបន្តពិភាក្សាជាមួយ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួល ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា ការពិភាក្សាក្នុងកិច្ចប្រជុំខាងលើ មានការចូលរួមមតិពីតំណាង ក្នុងវិស័យលក់រាយមួយចំនួនផងដែរ។ ធនាគារជាតិនៃកម្ពុជា ក៏សូមបញ្ជាក់ផងដែរថា ការអនុវត្តវិធានការខាងលើ មិនមានន័យថា ជាការហាមឃាត់ចរាចរ ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចៗទាំងនេះ នៅលើទីផ្សារនោះទេ ៕

To Top