ព័ត៌មានជាតិ

អង្គការសុខភាពពិភពលោក ចេញសារ អំពី ការពារយុវជន ពីល្បិចកលរបស់ឧស្សាហកម្ម ថ្នាំជក់

ភ្នំពេញ ៖ ក្នុងទិវាពិភពលោកគ្មានថ្នាំជក់ ៣១ ឧសភា ២០២០ អង្គការសុខភាពពិភពលោក បានចេញផ្សាយ អំពី ការពារយុវជន ពីល្បិចកលរបស់ឧស្សាហកម្មថ្នាំជក់ និងបង្ការយុវជន កុំឲ្យប្រើប្រាស់ថ្នាំជក់ និងសារធាតុនីកូទីន។

យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ អង្គការ ចលនា ដើម្បី សុខភាព កម្ពុជា ចេញផ្សាយ នាពេលថ្មីៗនេះ បានឲ្យដឹងថា ល្បិចកលឧស្សាហកម្មថ្នាំជក់ មានដូចជា៖

ទី១-ការប្រើប្រាស់រសជាតិដើម្បីទាក់ទាញយុវជន។

ទី២-យុទ្ធនាការផ្សព្វផ្សាយថា ផលិតផលថ្នាំជក់របស់ខ្លួនថា ជាផលិតផល “កាត់បន្ថយគ្រោះថ្នាក់” ឬ “មានអនាម័យជាង” បារីធម្មតា ដោយគ្មានការបញ្ជាក់លក្ខណៈវិទ្យាសាស្រ្ត។

ទី៣-ឧបត្ថម្ភដល់តារា/ជនមានឥទ្ធិពល និងការឧបត្ថម្ភកម្មវិធីប្រកួតម៉ាកផលិតផល ដែលផ្សព្វផ្សាយផលិតផលថ្នាំជក់ និងផលិតផលនីកូទីន។

ទី៤-លក់បារីរាយក្នុងមួយដើមៗ ដែលធ្វើអោយបារីមានតម្លៃទាប និងងាយស្រួលសម្រាប់សិស្សានុសិស្ស ទិញផលិតផលថ្នាំជក់ និងផលិតផលនីកូទីនបាន។

និងទី៥-ស្វែងរកទីផ្សារផលិតផលថ្នាំជក់ ដោយប្រយោលតាមរយៈ ខ្សែភាពយន្ត កម្មវិធីទូរទស្សន៍ កម្មវិធីផ្សាយផ្ទាល់តាមអ៊ីនធើណេត។

គួរបញ្ជាក់ថា តាមរយៈលទ្ធផល នៃការសិក្សាស្រាវជ្រាវ ពីការវិនិយោគ លើការត្រួតពិនិត្យថ្នាំជក់ នៅកម្ពុជាឆ្នាំ២០១៩ របស់កម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក និងលេខាធិការដ្ឋាននៃអនុសញ្ញា ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ បានអោយដឹងថា ការប្រើប្រាស់ផលិតផលថ្នាំជក់ ធ្វើអោយប្រជាជនកម្ពុជាចំនួន ១៥ ០០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំ ដែល៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាបបំផុត។

មិនតែប៉ុណ្ណោះ ការប្រើប្រាស់ថ្នាំជក់ បណ្តាលអោយខាតបង់ទឹកប្រាក់ ចំនួន ៦៤៩លានដុល្លារអាមេរិក ដែលស្មើនឹង ៣% នៃផលិតផល ក្នុងស្រុកសរុប (GDP) របស់កម្ពុជា។

កលល្បិចរបស់ឧស្សាហកម្មថ្នាំជក់ ជាទង្វើល្មើសច្បាប់ ដូចនេះ រដ្ឋាភិបាលគួរតែ ចាត់វិធានការយ៉ាងតឹងរឹង ចំពោះការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយធ្វើការផាកពិន័យ ចំពោះការប្រព្រឹត្តបទល្មើស ចំពោះនិតិបុគ្គលដែលធ្វើខុស ដូចជាក្រុមហ៊ុនថ្នាំជក់ ដែលនៅតែបន្តបំពាននិងច្បាប់ ស្ដីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ជាដើម។

តាមការសិក្សាពី ការអង្កេតស្ដីពីការអនុវត្តច្បាប់ ត្រួតពិនិត្យផលិតផលថ្នាំជក់ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០១៩ បានបង្ហាញថា មានបារីប្រមាណ ៣០% ដែលដាក់តាំងលក់លើទីផ្សារ ពុំមានបោះពុម្ពសារព្រមានសុខភាព ជាភាសាខ្មែរនិងរូបភាព ហើយបារី៥៨% ដែលលក់លើទីផ្សារ ពុំមានតែមប្រិ៍ពន្ធនោះទេ។

ការសិក្សានេះ ក៏បានបញ្ជាក់ថា មានការផ្សាយពាណិជ្ជកម្មបារី ប្រមាណ២០% និងការផ្ដល់សម្ភារៈ ផ្សាយពាណិជ្ជកម្ម និងផលប្រយោជន៍ ពីក្រុមហ៊ុនលក់បារី ទៅអោយអ្នកលក់បារីជាច្រើន៕

ដោយ ៖ អេង ប៊ូឆេង

To Top